លោក ស៊ី និងលោក ម៉ូឌី ផ្លាស់ប្តូរទស្សនៈយ៉ាងស៊ីជម្រៅ ដោយឯកភាពគ្នាថា ចិន និងឥណ្ឌាគួរតែជាដៃគូនឹងគ្នា
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ -- ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានជួបពិភាក្សាផ្លាស់ប្តូរយោបល់គ្នាដោយស្មោះត្រង់ និងស៊ីជម្រៅកាលពីថ្ងៃសៅរ៍ ហើយបានសម្រេចនូវការឯកភាពគ្នាដ៏សំខាន់មួយថា ប្រទេសចិន និងឥណ្ឌាគួរតែជាដៃគូនឹងគ្នា។
មេដឹកនាំទាំងពីរបានជួបគ្នានៅក្រៅកិច្ចប្រជុំកំពូលប៊្រីកស៍ (BRICS) លើកទី១៨ នៅទីក្រុងញូវដេលី។
លោក ស៊ី បានមានប្រសាសន៍ថា ប្រទេសចិនតែងតែមើលឃើញ និងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសឥណ្ឌា ដោយឈរលើមូលដ្ឋានយុទ្ធសាស្ត្រ និងទស្សនវិស័យរយៈពេលវែង។
លោក ស៊ី បានកត់សម្គាល់ថា លោកបានជួបជាមួយលោក ម៉ូឌី ចំនួន ២ដងក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ដែលលោកបានដឹកនាំទំនាក់ទំនងទ្វេភាគីពីការចាប់ផ្តើមថ្មីឆ្ពោះទៅរកការកែលម្អបន្ថែមទៀត។
លោក ស៊ី បានបន្ថែមថា ការផ្លាស់ប្តូររវាងស្ថាប័ននៃប្រទេសទាំងពីរបានចាប់ផ្តើមឡើងវិញជាបណ្តើរៗ បញ្ជីនៃវិស័យសហប្រតិបត្តិការបន្តកើនឡើង ហើយពាណិជ្ជកម្មទ្វេភាគីបានឈានដល់កម្រិតកំពូលថ្មីមួយ។
លោក ស៊ី បានមានប្រសាសន៍ថា វឌ្ឍនភាពដែលសម្រេចបានដោយការខិតខំប្រឹងប្រែងនេះ គួរតែត្រូវបានថែរក្សាឱ្យបានល្អ។ ដោយកត់សម្គាល់ថា ប្រទេសចិន និងឥណ្ឌា មានស្ថានភាពជាតិខុសៗគ្នា លោក ស៊ី បានលើកឡើងថា ប្រទេសទាំងពីរអាចទាញយកផលប្រយោជន៍ពីចំណុចខ្លាំងរបស់គ្នា គាំទ្រគ្នាទៅវិញទៅមក ជួយគ្នាឱ្យទទួលបានជោគជ័យ និងស្វែងរកការអភិវឌ្ឍរួមគ្នា។
លោក ម៉ូឌី បានមានប្រសាសន៍ថា លោកបានជួបពិភាក្សាប្រកបដោយផ្លែផ្កាជាច្រើនលើកជាមួយលោក ស៊ី ដែលបានដឹកនាំទំនាក់ទំនងរវាងប្រទេសឥណ្ឌា និងចិនឆ្ពោះទៅរកទិសដៅវិជ្ជមាន ដែលបម្រើដល់ផលប្រយោជន៍រួមរបស់ប្រជាជនជាង ២,៨ប៊ីលាននាក់នៃប្រទេសទាំងពីរ។
លោកបានលើកឡើងថា អរិយធម៌ដ៏ធំធេងទាំងពីររបស់ប្រទេសឥណ្ឌា និងចិន បានរៀនសូត្រពីគ្នាទៅវិញទៅមកតាមរយៈការផ្លាស់ប្តូរ និងបានបោះជំហានទៅមុខជាមួយគ្នាអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។
លោកបានកត់សម្គាល់ថា ប្រទេសឥណ្ឌាតែងតែមើលឃើញទំនាក់ទំនងរវាងឥណ្ឌា និងចិន ចំពោះយុទ្ធសាស្ត្រ និងទស្សនៈរយៈពេលវែង ហើយមានឆន្ទៈក្នុងការក្លាយជាដៃគូជាជាងគូប្រជែងជាមួយប្រទេសចិន ព្រមទាំងចាត់ទុកការអភិវឌ្ឍរបស់គ្នាទៅវិញទៅមកថាជាឱកាសមួយ ជាជាងបញ្ហាប្រឈម។
លោកបានមានប្រសាសន៍ថា ប្រទេសឥណ្ឌាប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ហើយការអភិវឌ្ឍទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិនមិនស្ថិតនៅក្រោមឥទ្ធិពលរបស់ភាគីទីបីណាមួយឡើយ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)




