ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើង បន្តរក្សាភាពស្ងៀមស្ងាត់ជុំវិញការបាញ់សាកល្បងមីស៊ីល
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ -- កាលពីថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើង មិនបានរាយការណ៍អំពីការបាញ់សាកល្បងមីស៊ីលផ្លោងដែលបានធ្វើឡើងកាលពីថ្ងៃមុននោះទេ ដែលនេះជាការបន្តភាពស្ងៀមស្ងាត់ជុំវិញការបាញ់សាកល្បងមីស៊ីលរបស់ខ្លួនចាប់តាំងពីដើមខែសីហាមក។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង (KCNA) និងកាសែត Rodong Sinmun ជាកាសែតដែលមានអ្នកអានច្រើនជាងគេនៅក្នុងប្រទេសនេះ មិនបានលើកឡើងអំពីការបាញ់សាកល្បងទាំងនោះឡើយ រហូតដល់ម៉ោង ៩:០០នាទីព្រឹក។
កាលពីថ្ងៃសៅរ៍ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ចេញពីតំបន់វ៉ុនសាន ឆ្ពោះទៅកាន់សមុទ្រខាងកើតគឺត្រឹមតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានបញ្ចប់សមយុទ្ធយោធាត្រីភាគីរបស់ពួកគេ។
ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់ឆ្ពោះទៅកាន់សមុទ្រខាងកើតនៅថ្ងៃទី៦ ខែសីហា និងមួយគ្រាប់ទៀតនៅថ្ងៃទី១២ ខែសីហា បន្ទាប់មកមានការបាញ់មីស៊ីលផ្លោងប្រភេទដូចគ្នានេះជាបន្តបន្ទាប់ជាច្រើនគ្រាប់នៅថ្ងៃទី២០ ខែសីហា ខណៈដែលប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងធ្វើសមយុទ្ធប្រចាំឆ្នាំ Ulchi Freedom Shield។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅតែរក្សាភាពស្ងៀមស្ងាត់ចំពោះការបាញ់សាកល្បងទាំងបីលើកនោះ។
ជាធម្មតា ប្រទេសកូរ៉េខាងជើងតែងតែប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួនដើម្បីផ្សព្វផ្សាយអំពីការបាញ់សាកល្បងមីស៊ីលផ្លោងនៅថ្ងៃបន្ទាប់ ជាពិសេសនៅពេលដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) បានត្រួតពិនិត្យដោយផ្ទាល់លើការបាញ់សាកល្បងទាំងនោះ។
ភាពស្ងៀមស្ងាត់នេះកើតឡើងចំពេលដែលមានសញ្ញានៃការចង់ផ្សះផ្សាទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាងពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលបានបង្ហាញពីបំណងចង់ជួបជាមួយលោក គីម នៅពេលក្រោយក្នុងឆ្នាំនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)




