ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ឆេះនាវានៅប្រទេសហ្វីលីពីន បានកើនឡើងដល់ ៧៦នាក់ ខណៈ ១៣នាក់ទៀតកំពុងបាត់ខ្លួន
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ -- កងការពារឆ្នេរសមុទ្រហ្វីលីពីន (PCG) បានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ឆេះនាវាដឹកអ្នកដំណើរមួយគ្រឿងកាលពីថ្ងៃពុធ នៅឯដែនទឹកក្បែរខេត្តប៉ាឡាវ៉ាន់ ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់ប្រទេសហ្វីលីពីន បានកើនឡើងដល់ ៧៦នាក់ ខណៈដែលមនុស្ស ១៣នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន។
យោងតាមកងការពារ PCG បានឱ្យដឹងថា សាកសពចំនួន ៤១នាក់បន្ថែមទៀតត្រូវបានរកឃើញដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៧៦នាក់។ ចំនួនអ្នករស់រានមានជីវិតនៅតែមានចំនួន ៤៣នាក់ដដែល។
រូបភាពវីដេអូដែលចេញផ្សាយដោយកងការពារ PCG បង្ហាញឱ្យឃើញនាវាដឹកអ្នកដំណើរនោះត្រូវបានភ្លើងឆេះយ៉ាងដំណំ ដោយមានឃើញផេះ និងបំណែកដែកដែលឆេះខ្លោចនៅកន្លែងកើតហេតុ។ ប្រតិបត្តិការសង្គ្រោះ និងការស៊ើបអង្កេតកំពុងតែដំណើរការ។
នាវាដឹកអ្នកដំណើរនេះបានចេញដំណើរពីទីក្រុងម៉ានីល ហើយបានឆេះនៅជិតដែនទឹកនៃទីក្រុងកូរ៉ុន ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយ។ យោងតាមបញ្ជីឈ្មោះអ្នកដំណើរ មានមនុស្សសរុប ១៣៤នាក់ រួមមានអ្នកដំណើរ ១១៧នាក់ និងបុគ្គលិកបម្រើការលើនាវា ១៧នាក់ដែលមានឈ្មោះនៅលើទូកនោះ។ ទោះជាយ៉ាងណា អ្នកដំណើរ ២នាក់បានប្រាប់អាជ្ញាធរនៅពេលក្រោយថា ពួកគេមិនបានឡើងជិះនាវានោះទេ។
នាវាដឹកអ្នកដំណើរគឺជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមមួយនៅទូទាំងប្រជុំកោះហ្វីលីពីន។ ដោយសារអាកាសធាតុមិនល្អ ការថែទាំទូកមិនបានត្រឹមត្រូវ និងការអនុវត្តបទប្បញ្ញត្តិសុវត្ថិភាពមិនតឹងរ៉ឹង គ្រោះថ្នាក់តាមផ្លូវសមុទ្រតែងតែកើតឡើងជាញឹកញាប់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)




