ស្នាមញញឹមនៅភូមិរង់ចាំបង្ហាញពីភាពកក់ក្តៅនៃស្មារតីសាមគ្គីភាពខ្មែរនៅជួរក្រោយ
AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦--
នៅក្រោមបរិយាកាសពោរពេញដោយភាពកក់ក្តៅ និងស្នាមញញឹមរបស់ប្រជាពលរដ្ឋ សកម្មភាពសំណេះសំណាល និងផ្តល់ការគាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅនៅ «ភូមិរង់ចាំ» បានក្លាយជារូបភាពមួយបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ សប្បុរសជន និងប្រជាពលរដ្ឋនៅជួរក្រោយ ដែលបានរួមគ្នាផ្តល់កម្លាំងចិត្ត និងការគាំទ្រដល់បងប្អូនដែលកំពុងជួបការលំបាក។ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅ «ភូមិរង់ចាំ» ដែលរៀបចំឡើងនៅបរិវេណភូមិរង់ចាំទី៦ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្ត សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅនៅភូមិរង់ចាំទាំង៦។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ព្រមទាំងគណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់ដោយផ្ទាល់អំពីស្ថានភាពរស់នៅ ព្រមទាំងតម្រូវការចាំបាច់នានារបស់បងប្អូនប្រជាពលរដ្ឋនៅភូមិរង់ចាំ។ ការចុះមកជួបផ្ទាល់នេះមិនត្រឹមតែជាការផ្តល់អំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់កម្លាំងចិត្ត និងការធានាថា ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកមិនត្រូវបានទុកចោលនោះឡើយ។ ស្នាមញញឹម និងទឹកមុខប្រកបដោយភាពកក់ក្តៅរបស់ប្រជាពលរដ្ឋនៅទីនេះ គឺជាសក្ខីភាពមួយនៃអារម្មណ៍ថា ពួកគាត់នៅតែទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រពីសង្គមទាំងមូល។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងបាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅនៅភូមិរង់ចាំទាំង៦។
ឯកឧត្តមបានរំលេចថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់កីឡាបាល់ទាត់ជាមួយសកម្មភាពសប្បុរសធម៌ ដោយបំផុសចលនា និងកៀរគរការចូលរួមពីសំណាក់សប្បុរសជន និងសាធារណជន តាមរយៈការបរិច្ចាគថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់នានាតាមលទ្ធភាព ដើម្បីរួមចំណែកផ្តល់ការយកចិត្តទុកដាក់ ក្តីស្រឡាញ់ និងការគាំទ្រដល់បងប្អូនប្រជាពលរដ្ឋនៅភូមិរង់ចាំទាំង៦ ដែលមានជាង ៣,០០០គ្រួសារ។
សារសំខាន់ដែលលេចធ្លោពីសកម្មភាពនេះ គឺការបង្ហាញឱ្យឃើញថា ស្មារតី «ខ្មែរជួយខ្មែរ» នៅតែមានភាពរឹងមាំ ជាពិសេសនៅពេលដែលប្រជាពលរដ្ឋមួយចំនួនកំពុងត្រូវការការយកចិត្តទុកដាក់ និងការលើកទឹកចិត្ត។ ការចូលរួមពីគ្រប់មជ្ឈដ្ឋាន បានធ្វើឱ្យការគាំទ្រនេះមិនមែនជាបន្ទុករបស់ស្ថាប័នណាមួយតែឯងទេ ប៉ុន្តែជាការចូលរួមរួមគ្នារបស់សង្គមទាំងមូល។ ជាក់ស្តែង អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋក្នុងមួយគ្រួសារ រួមមាន ថវិកាចំនួន ២០០,០០០រៀល អង្ករ២០គីឡូក្រាម មីជាតិ១កេស ត្រីខកំប៉ុង១យួរ មុង១ ភួយ១ ក្រមា១ អាវយឺត១ សាប៊ូដុំ២ដុំ ទឹកក្រូចកម្ពុជាកូឡា១កេស ទឹកដោះគោឆៅផ្កាឈូក១កេស ទឹកសុទ្ធ៣កេស និងសាប៊ូ Ora ចំណុះ៣លីត្រ១ដប។

សម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងភូមិរង់ចាំ អំណោយទាំងនេះមានអត្ថន័យលើសពីតម្លៃសម្ភារៈ ព្រោះវាបានជួយសម្រាលការចំណាយប្រចាំថ្ងៃ និងជាពិសេសបានផ្តល់អារម្មណ៍ថា ពួកគាត់មានសហគមន៍មួយដែលឈរនៅក្បែរ និងត្រៀមជួយគ្នាក្នុងគ្រាលំបាក។ ស្នាមញញឹមដែលកើតឡើងនៅក្នុងពិធីនេះ ក៏ជាស្នាមញញឹមនៃក្តីសង្ឃឹម។ វាបង្ហាញថា ទោះបីស្ថានភាពរស់នៅនៅពេលនេះមានការលំបាកក្តី ប៉ុន្តែភាពកក់ក្តៅពីការយកចិត្តទុកដាក់ ការជួយឧបត្ថម្ភ និងការចូលរួមរបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ សប្បុរសជន និងប្រជាពលរដ្ឋនៅជួរក្រោយ បានក្លាយជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់បងប្អូននៅ «ភូមិរង់ចាំ»។
រូបភាពនៃការចែករំលែកនៅទីនេះ ក៏ជាការរំលេចនូវអត្ថន័យដ៏ជ្រាលជ្រៅនៃសាមគ្គីភាពក្នុងសង្គមខ្មែរ ដែលនៅពេលមានបញ្ហា ឬការលំបាក ប្រជាជនមិនឈរមើលគ្នាពីចម្ងាយទេ ប៉ុន្តែបានរួមគ្នាផ្តល់ទាំងធនធាន ក្តីស្រឡាញ់ និងកម្លាំងចិត្ត ដើម្បីឱ្យអ្នកដែលកំពុងជួបការលំបាកមានអារម្មណ៍ថា ពួកគាត់មិននៅឯកា ហើយនៅតែមានមនុស្សជាច្រើននៅពីក្រោយគាំទ្រ និងយកចិត្តទុកដាក់ចំពោះពួកគាត់។ នៅពីក្រោយស្នាមញញឹមរបស់ប្រជាពលរដ្ឋនៅភូមិរង់ចាំ គឺជារឿងរ៉ាវនៃការចែករំលែក ក្តីសង្ឃឹម និងស្មារតីរួបរួម ដែលកំពុងបន្តបង្ហាញថា «ជួរក្រោយ» អាចក្លាយជាកម្លាំងដ៏រឹងមាំមួយ ក្នុងការផ្តល់ភាពកក់ក្តៅ និងកម្លាំងចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងត្រូវការការគាំទ្រ៕
ដោយ ឈុន សារ៉ាត





