លោកជំទាវ មាន សំអាន អញ្ជើញចែកចង្ក្រានសន្សំសំចៃថាមពលជូនប្រជាពលរដ្ឋនៅស្រុកព្រៃនប់
AKP ព្រះសីហនុ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦--
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ គីម សុភ័ក្រ ប្រធានកិត្តិយសសមាគម នារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាល ចែកចង្ក្រានសន្សំសំចៃថាមពលជូនប្រជាពលរដ្ឋចំនួន ១ ២០៣គ្រួសារ ស្ថិតនៅឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា ជាអនុប្រធានសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។

ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងថា ការចែកចង្ក្រានសន្សំសំចៃថាមពលបានចូលរួមចំណែក លើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅ និងការពារបរិស្ថានដល់ប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់។ ការចែកជូនចង្រ្កានសន្សំសំចៃថាមពលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្មារតីមនុស្សធម៌ និងការចូលរួមអនុវត្តគោល ការណ៍គ្រឹះសំខាន់ចំនួន៣៖ ១. ការលើកកម្ពស់សមភាព យេនឌ័រ និងសិទ្ធិនារី និងពេលវេលាក្នុងការដាំស្លរបស់ស្ត្រី ធ្វើឱ្យស្ត្រីមានពេលវេលាក្នុងការថែទាំសុខភាពគ្រួសារ អភិវឌ្ឍសមត្ថភាពក្នុងសកម្មភាព សង្គម និងសេដ្ឋកិច្ច។ ២. ការលើកកម្ពស់សុខុ មាលភាព និងជីវភាពគ្រួសារកាត់បន្ថយការប្រើ ប្រាស់ និងចំណាយលើការទិញអុស ធ្យូង ព្រមទាំងកាត់បន្ថយផ្សែងពុលក្នុងផ្ទះបាយដែលប៉ះពាល់ដល់ផ្លូវដង្ហើមរបស់ស្ត្រី និងកុមារ។ ៣. ចូលរួមការពារបរិស្ថាន និងការប្រែមប្រួលអាកាសធាតុការប្រើប្រាស់ចង្រ្កានសន្សំសំចៃថាមពល ជួយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងការភាយឧស្ម័នផ្ទះកញ្ចក់ ដែលជា ផ្នែកមួយនៃការបង្កើតបរិស្ថានរស់នៅប្រកបដោយចីរភាព។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ ការពារស្ថិរភាព សង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវ ឌ្ឍន៍បានធ្វើការសំណេះ សំណាលជាមួយប្រជាពលរដ្ឋដែលបានចូលរួម ព្រមទាំងពាំនាំប្រសាសន៍ សួរសុខទុក្ខ និងសេចក្តីនឹក រលឹកពីសម្តេចតេជោ សែន ប្រធានព្រឹទ្ធសភា សម្តេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ ចង់ឃើញពូ មីង លោក យាយ លោកតាមានសុខភាពល្អ មានសុភមង្គលគ្រប់ក្រុមគ្រួសារ សម្តេចចង់មកជួបផ្ទាល់ ក៏ប៉ុន្តែសម្តេចមានការងារជាច្រើនទើបឱ្យក្រុមការងារសួរសុខទុក្ខ។ ម្យ៉ាងទៀត លោកជំទាវ ភរិយាឯកឧត្តមអភិបាលខេត្ត ជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានចូលរួមដោះស្រាយជនភៀសសឹក ទោះបីមិននៅខេត្តព្រះសីហនុក្តី ក៏លោកជំទាវ និងឯកឧត្តម អភិបាលខេត្ត បានរួមចំណែកដល់វីរកង ទ័ពដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ទន្ទឹមនោះ ទឹកចិត្តរបស់ប្រជាពលរដ្ឋខេត្តព្រះសីហនុបានជួយតាមរយៈទឹកចិត្ត តាមរយៈជាអំណោយផ្ទាល់សម្រាប់ជនភៀសសឹក និងវីរកងទ័ព។

ឯកឧត្តមអភិបាលខេត្តបានចូលរួមគ្រប់សកម្មភាពជម្នះរាល់ការលំបាកស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសថែរក្សាសុខសន្តិភាព លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ សមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍន៍បានធ្វើការចែកចង្ក្រានសន្សំសំចៃថាមពលបានចំនួន ១៨ខេត្ត ចង្ក្រាននេះផ្តល់ជូនដោយឥតគិតថ្លៃ វាផ្តល់អត្ថប្រយោជន៍ការ ពារបរិស្ថាន កាត់បន្ថយការ បំពុលបរិស្ថាន។ សមាគមនារីបានគិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋ ព្រមទាំងបាន ពង្រីកបណ្តាញសេវាសាធារណៈ។ ហើយរាជរដ្ឋាភិបាលមិនបានកាត់បន្ថយលើវិស័យចំនួន៣ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានដូចជា វិស័យការពារជាតិ វិស័យសុខាភិបាល និងវិស័យអប់រំ ដោយឡែកវិស័យផ្សេងទៀតអាចកាត់បន្ថយ និងរក្សានៅដដែល។
លោកជំទាវក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះទឹកចិត្តគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្លងកាត់សង្គ្រាមជាច្រើនទស្សវត្សទើបយើងទទួលបានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅប្រកប ដោយសុខសន្តិភាពពេញផ្ទៃប្រទេស ហើយគណបក្សប្រជាជនកម្ពុជា នៅជាមួយបងប្អូនប្រជាពលរដ្ឋ ម្យ៉ាងទៀត សម្តេចតេជោ ត្រូវបានទទួលស្គាល់ថាជាបិតាសន្តិភាពនៃកម្ពុជា។ ស្ត្រីរបស់យើងនៅតែគាំទ្រសម្តេចតេជោ សែន ១០០ភាគរយ។ កូនចៅរបស់យើងបានសិក្សារៀនសូត្រលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ សូម លោកជំទាវប្រធានកិត្តិយសសាខាចូលរួមសកម្មភាពមនុស្សធម៌ជាមួយសិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានបន្ថែមទៀត៕
ដោយ ងូ សុមុនី





