អតីតមន្ត្រីនគរបាលប្រទេសអូស្ត្រាលី បង្ហាញទឹកចិត្ដគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាប និងលុបបំបាត់ប្រតិបត្តិការឆបោក នៅក្នុងប្រទេសកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦
អ្នកស្រី គ្រីស្ទីន (Christine) អតីតមន្ត្រីនគរបាលប្រទេសអូស្ត្រាលី (Australia)បានបង្ហាញនូវទឹកចិត្ដគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាប និងលុបបំបាត់ប្រតិបត្តិការឆបោក ដើម្បីតាមស្វែងរកកម្ទេចបណ្តាញឧក្រិដ្ឋកម្មទាំងនេះនៅក្នុងប្រទេសកម្ពុជា។
អ្នកស្រី គ្រីស្ទីន (Christine) បានលើកឡើងថា មនុស្សជាច្រើនមានការយល់ច្រឡំថា ប្រទេសកម្ពុជា គឺជាប្រទេសពោរពេញដោយការឆបោក ប៉ុន្តែការពិតវាមិនមែនបែបនោះទាល់តែសោះ។ ប្រជាជនកម្ពុជា មិនស្វាគមន៍ ឬចង់ឱ្យមានឧក្រិដ្ឋជននៅក្នុងប្រទេសរបស់ពួកគេឡើយ។ លោកស្រីគូសបញ្ជាក់ថា៖ «ពួកគេជាប្រជាជនដែលមានមោទនភាពខ្ពស់ ស្រឡាញ់ជាតិមាតុភូមិរបស់ខ្លួន ហើយពួកគេមិនចង់ឱ្យឧក្រិដ្ឋជនទាំងនេះ រស់នៅក្នុងទឹកដីនេះឡើយ»។
អ្នកស្រី គ្រីស្ទីន បានថ្លែងបញ្ជាក់ថា កម្ពុជា ត្រូវបានគេដាក់ឈ្មោះដ៏អាក្រក់ថា 'Scambodia' ដោយអយុត្តិធម៌បំផុត។ ការពិតនោះគឺ រាជរដ្ឋាភិបាលកម្ពុជា កំពុងបញ្ចេញធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីលុបបំបាត់ និងដេញឧក្រិដ្ឋជនទាំងនេះចេញពីប្រទេស។ «ក្នុងនាមខ្ញុំជាអតីតនគរបាលម្នាក់ ខ្ញុំតែងតែយកចិត្តទុកដាក់លើកិច្ចការនគរបាលនៅជុំវិញពិភពលោក។ នគរបាលសហព័ន្ធអូស្ត្រាលី (AFP) កំពុងធ្វើសកម្មភាពយ៉ាងសកម្មនៅកម្ពុជា និងសហការយ៉ាងជិតស្និទ្ធជាមួយនគរបាលកម្ពុជា ដូចគ្នានឹងភ្នាក់ងារអនុវត្តច្បាប់មកពីបណ្តាប្រទេសផ្សេងៗទៀតដែរ»។ នេះគឺជាការបញ្ជាក់បន្ថែមរបស់អ្នកស្រី គ្រីស្ទីន។
ជាមួយគ្នានេះ អ្នកស្រី គ្រីស្ទីន (Christine) បានអះអាងថា៖ «ខ្ញុំតែងតែញ៉ាំកាហ្វេជាមួយមន្ត្រីនប៉ូលីសដែលធ្វើការក្នុងក្រុមកិច្ចការពិសេសប្រឆាំងការឆបោក។ យើងបានជជែកគ្នាក្នុងកិច្ចការងាររបស់ពួកគេ ហើយពួកគេកំពុងសម្រេចបានបេសកកម្មយ៉ាងសកម្ម ក្នុងការបង្ក្រាប និងលុបបំបាត់ប្រតិបត្តិការឆបោកទាំងនោះនៅក្នុងប្រទេសកម្ពុជា ផងដែរ»។ ទន្ទឹមនេះ លោកស្រីក៏បានឱ្យដឹងថា គួរឱ្យសរសើរផងដែរ ក្រុមកិច្ចការពិសេសរបស់កម្ពុជា កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ដើម្បីកម្ទេចបណ្តាញឧក្រិដ្ឋកម្មទាំងនេះ ហើយពួកគេទទួលបានជោគជ័យយ៉ាងពិតប្រាកដ។ ពួកគេក៏កំពុងសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងនគរបាលមកពីប្រទេសផ្សេងទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សផងដែរ។
អ្នកស្រី គ្រីស្ទីន បានឱ្យដឹងទៀតថា នៅពេលដែលប្រជាជនកម្ពុជា ចូលមកជិតអ្នក ហើយអ្នកមិនចាប់អារម្មណ៍នឹងអ្វីដែលពួកគេកំពុងស្នើ ឬផ្តល់ឱ្យនោះទេ សូមឆ្លើយតបទៅវិញដោយគួរសមថា 'អត់ទេ អរគុណ, No, thank you'។ ពួកគេពិតជាសប្បាយចិត្ត និងកោតសរសើរដែលអ្នកបានរាប់អាន និងប្រព្រឹត្តចំពោះពួកគេដោយការ គោរព៕

ដោយ៖ AKP, ប្រភព៖ Austin Tukwa TV





