ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន បូកបី លើកទី១១ (11th APT HMM)
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន បូកបី លើកទី១១ (11th APT HMM) ដែលត្រូវបានដឹកនាំរួមគ្នា ដោយប្រទេសម៉ាឡេស៊ី ជាប្រធានប្តូរវេនអាស៊ាន (ASEAN Co-Chair) និងសាធារណរដ្ឋប្រជាមានិតចិន ជាប្រធានប្តូរវេនភាគីបូកបី (Plus Three Co-Chair)។
នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានឯកភាពលើរបាយការណ៍នៃកិច្ចប្រជុំត្រៀមឧត្តមមន្ត្រីសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-បូកបី (PrepSOM for 11th APT HMM) ព្រមទាំងបានបន្តពិភាក្សាផ្លាស់ប្តូរទស្សនៈ លើប្រធានបទ «Synchronising Health Systems: Scaling Innovation and Longevity across ASEAN Plus Three»។


នាឱកាសនេះ ឯកឧត្តមសាស្ត្រចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងបទអន្តរាគមន៍ ដោយផ្តោតលើមុំសំខាន់ៗចំនួន៣ រួមមាន៖ ១) ការធ្វើឱ្យមានការស៊ីសង្វាក់គ្នានៃប្រព័ន្ធសុខាភិបាល តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងបញ្ហាប្រឈមសុខភាពសាធារណៈដែលកើតមានឡើងជាយថាហេតុ។ ២) ការធ្វើបរិវត្តកម្មបច្ចេកវិទ្យាផ្នែកសុខភាព និងច្នៃប្រឌិតខ្ពស់ក្នុងការលើកកម្ពស់ការ ច្នៃប្រឌិតបច្ចេកវិទ្យាឌីជីថល បញ្ញាសប្បនិម្មិត ដើម្បីសុខភាព បង្កើនសមធម៌នៃការថែទាំសុខភាព។ ៣) ការត្រៀមលក្ខណៈសម្រាប់មនុស្សវ័យចំណាស់ ដោយពង្រីកកិច្ចសហប្រតិបត្តិការលើការថែទាំសុខភាពមនុស្សចាស់ ឱ្យអាយុយឺនយូរប្រកបដោយសុខភាពល្អនៅតំបន់អាស៊ាន បូកបី។

ជាលទ្ធផល កិច្ចប្រជុំបានអនុម័តដោយជោគជ័យនូវ «សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន បូកបី លើកទី១១» ដែលជាសមិទ្ធផលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារវាងអាស៊ាន និងប្រទេសភាគីបូកបី៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





