ក្រសួងបរិស្ថានបានប្រគល់ធុងសំរាមចំនួន២៣២៨ធុងបន្ថែម សម្រាប់ចែកជូនសាលារៀនទាំង៧៧៦នៅទូទាំងខេត្តកណ្តាល
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦-- ក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រគល់ធុងសំរាមចំនួន២៣២៨ធុងបន្ថែម សម្រាប់ចែកជូនសាលារៀនទាំង៧៧៦ នៅទូទាំងខេត្តកណ្តាល។ ថ្លែងក្នុងពិធីប្រគល់នេះ លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងបរិស្ថាន ដែលបានយកចិត្តទុកដាក់ផ្តល់ធុងសំរាមជូនរដ្ឋបាលខេត្តកណ្ដាល ដើម្បីរួមចំណែកជំរុញការគ្រប់គ្រងសំរាមនៅតាមសាលារៀន និងក្នុងសហគមន៍។ ការបែងចែកនេះ គឺទៅតាមចំនួនសាលាក្នុងក្រុង-ស្រុកនីមួយៗ ដោយសាលានីមួយៗទទួលបានធុងសំរាមចំនួន៣ធុង។

លោកអភិបាលរងខេត្តបានបញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តកណ្ដាលបាន និងកំពុងជំរុញការអប់រំ ផ្សព្វផ្សាយចំណេះដឹងបរិស្ថាន និងការផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថរបស់ប្រជាពលរដ្ឋ សំដៅឱ្យមានការចូលរួមកាន់តែសកម្មក្នុងការថែរក្សាអនាម័យ បរិស្ថាន និងធនធានធម្មជាតិ។

ដោយកន្លងមក ខេត្តកណ្ដាលបានអនុវត្តយុទ្ធនាការបរិស្ថានជាច្រើន ដូចជា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលអនុវត្តបាន ៨,៩៩៦លើក មានអ្នកចូលរួម ៣,២៨៧,៦៣៧នាក់ និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» បាន ៧,៧៦៦លើក មានអ្នកចូលរួម ២,៨៩៥,០៧៤នាក់ ព្រមទាំងយុទ្ធនាការសម្អាតផ្លូវជាតិ ផ្លូវថ្នល់ និងទីសាធារណៈជាបន្តបន្ទាប់។

ឯកឧត្តម សាបូ អូហ្សាណូ បានលើកឡើងថា ការគ្រប់គ្រងសំរាម សំណល់រឹង និងការទប់ស្កាត់ការបំពុលបរិស្ថាន គឺជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន បានកំណត់ការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋជាទិសដៅអាទិភាព ដើម្បីផ្លាស់ប្តូរឥរិយាបថ និងទម្លាប់រស់នៅ ឆ្ពោះទៅរក «ការរស់នៅស្អាត បរិស្ថានបៃតង និងអព្យាក្រឹតកាបូន» តាមការគ្រោងទុក ក្រសួងបរិស្ថាននឹងផ្តល់ធុងសំរាមដល់សាលារៀន វត្តអារាម និងមណ្ឌលសុខភាពនៅទូទាំងប្រទេស ដើម្បីជួយសម្រួលដល់ការទុកដាក់ និងញែកសំរាមតាមប្រភេទ ព្រមទាំងជំរុញឱ្យសហគមន៍ចូលរួមក្នុងការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ។

ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងដែរថា សម្រាប់ខេត្តកណ្ដាល ធុងសំរាមចំនួន ២,៣២៨ធុង ដែលបានប្រគល់នៅថ្ងៃនេះ នឹងត្រូវរៀបចំដាក់នៅតាមទីតាំងសមស្របក្នុងបរិវេណសាលារៀន ដើម្បីបង្កើនប្រសិទ្ធភាពនៃការទុកដាក់ និងប្រមូលសំរាម ព្រមទាំងបណ្តុះស្មារតីសិស្សានុសិស្ស និងសហគមន៍ឱ្យចេះថែរក្សាបរិស្ថានចាប់ពីសាលារៀន។ ឯកឧត្តម សាបូ អូហ្សាណូ ក៏បានអំពាវនាវដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមគ្រប់គ្រង ថែទាំ និងប្រើប្រាស់ធុងសំរាមទាំងនេះឱ្យបានត្រឹមត្រូវ និងយូរអង្វែង ដើម្បីបម្រើប្រយោជន៍ដល់បរិស្ថាន សង្គម និងសុខភាពសាធារណៈ៕
ដោយ៖ មករា





