ឯកឧត្តម វ៉ាង វិនពីន និងឯកឧត្តម គីម វីរៈ នាំយកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៣០០គ្រួសារ នៅខេត្តត្បូងឃ្មុំ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានសម្របសម្រួល និងសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងការចែកអំណោយដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៣០០គ្រួសារ នៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

កញ្ចប់ជំនួយ ដែលបានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង ៣០០គ្រួសារ រួមមាន អង្ករចំនួន ១០គីឡូក្រាម ទឹកស៊ីអ៊ីវទឹកត្រី មី ធុងដាក់ទឹក សាប៊ូលាងចាន សាប៊ូបោកខោអាវ បោយទឹក ព្រមទាំងសម្ភារចាំបាច់ផ្សេងៗទៀត។

បន្ថែមពីលើកញ្ចប់ជំនួយជូនគ្រួសាររងគ្រោះ ជំនួយនេះក៏រួមមានការផ្តល់សម្ភារសង្គ្រោះ និងសម្ភារត្រៀមឆ្លើយតបគ្រោះមហន្តរាយជូនរដ្ឋបាលខេត្តត្បូងឃ្មុំផងដែរ ដែលរួមមាន ទូកម៉ាស៊ីនសង្គ្រោះចំនួន ២គ្រឿង បង្គន់ចល័តចំនួន២ អាវពោងចំនួន ៥០០អាវ វិទ្យុទាក់ទងចំនួន ១២៥គ្រឿង និងតង់ចំនួន ៥០០តង់។

សកម្មភាពនេះ គឺជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឆ្លុះបញ្ចាំងពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពដ៏រឹងមាំរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងការរួមចំណែកជួយសង្គ្រោះ និងសម្រាលទុក្ខលំបាកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់៕

ដោយ៖ ណយ នឿន (ប្រភព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ )





