ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋអ៊ុយរូហ្កាយ បង្ហាញការប្តេជ្ញាថា នឹងខិតខំពង្រឹងនូវទំនាក់ទំនងទ្វេភាគី ជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើន
AKP ភ្នំពេញ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦--
ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋអ៊ុយរូហ្កាយ បានបង្ហាញការប្ដេជ្ញាថានឹងខិតខំពង្រឹងនូវទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងអ៊ុយរូហ្កាយ ឱ្យកាន់តែរីកចម្រើនហើយជាពិសេសនោះគឺឯកឧត្តមមានមោទនភាពណាស់ដែលបានធ្វើជាឯកអគ្គរដ្ឋទូតរបស់អ៊ុយរូហ្កាយ ប្រចាំនៅកម្ពុជា។ នេះបើយោងតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋអ៊ុយរូហ្កាយ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គរដ្ឋទូត អ៊ុយរូហ្កាយ ដោយសម្ដេចបានឯកភាពនៅក្នុងការពង្រឹងនូវទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងអ៊ុយរូហ្កាយ ឱ្យកាន់តែរីកចម្រើន។ សម្ដេចតេជោបានមានប្រសាសន៍ អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ទោះបីជានៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ ប៉ុន្តែប្រទេសទាំងពីរអាចមានសក្កានុពល ជាច្រើនទៀតក្នុងការពង្រីកទំនាក់ទំនងជាមួយគ្នា ជាពិសេសផ្ដោតទៅលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងអ៊ុយរូហ្កាយ៕


ដោយ៖ ជឹម ណារី





