អាជ្ញាធរខេត្តសៀមរាប ជំរុញការយល់ដឹងអំពីសុវត្ថិភាពឌីជីថល និងការបង្ការការឆបោកតាមប្រព័ន្ធអនឡាញ
AKP សៀមរាប ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦--ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលានាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា កម្ពុជាកំពុងឈានទៅរកបរិវត្តកម្មឌីជីថល ដោយរាជរដ្ឋាភិបាលបានជំរុញការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដើម្បីបង្កើនប្រសិទ្ធភាពការងាររដ្ឋបាលសាធារណៈ ពង្រឹងសេវាហិរញ្ញវត្ថុឌីជីថល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ទន្ទឹមនឹងអត្ថប្រយោជន៍នៃបច្ចេកវិទ្យា ក៏មានហានិ ភ័យ និងការគំរាមកំហែងតាមប្រព័ន្ធឌីជីថលកាន់តែកើនឡើងផងដែរ ដែលអាចបណ្តាលឱ្យខាតបង់ទ្រព្យសម្បត្តិ ប៉ះពាល់ដល់ព័ត៌មានផ្ទាល់ខ្លួន សុចរិតភាពទិន្នន័យ និងកេរ្តិ៍ឈ្មោះរបស់បុគ្គល ឬស្ថាប័ន។
លោកបានអំពាវនាវឱ្យមានការប្រុងប្រ យ័ត្នចំពោះល្បិចកលឆបោកថ្មីៗ ដូចជា ការបង្កើតទំនាក់ទំនងស្នេហាក្លែងក្លាយ ការប្រើប្រាស់បច្ចេកវិទ្យា AI និង Deepfake ការផ្ញើតំណភ្ជាប់ក្លែងក្លាយ ការក្លែងបន្លំជាធនាគារ ឬស្ថាប័នរដ្ឋ និងការប្រើប្រាស់គណនីក្លែងក្លាយដើម្បីបោកប្រាស់ស្នើសុំផ្ទេរប្រាក់ ឬព័ត៌មានសំខាន់ៗ។

លោក អ៊ូ ផាន់ណារិទ្ធិ ប្រធាននាយក ដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា ឧក្រិដ្ឋកម្មសាយប័រកំពុងកើនឡើងទាំងចំនួន និងភាពស្មុគស្មាញ ដោយមានការប្រើប្រាស់វិធីសាស្ត្រទំនើបៗ ដូចជា Phishing, ការក្លែងបន្លំអត្តសញ្ញាណ, Pig Butchering និង Deepfake។

លោកបានណែនាំឱ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការ អនុវត្តអនាម័យសាយប័រឱ្យបានខ្ជាប់ខ្ជួន តាមរយៈការប្រើប្រាស់ពាក្យសម្ងាត់រឹងមាំ ការបើកប្រព័ន្ធផ្ទៀងផ្ទាត់ពីរជំហាន (2FA) ការការពារគណនី Telegram ការប្រើប្រាស់បណ្តាញ WiFi ប្រកបដោយការប្រុងប្រយ័ត្ន និងការពារគណនីធនាគារចល័ត ដើម្បីកាត់បន្ថយហានិភ័យ និងទប់ស្កាត់ការឆបោកតាមប្រព័ន្ធអនឡាញឱ្យមានប្រសិទ្ធភាព៕


ដោយ៖ ឃុត សៅ





