ប្រមុខអង្គការសហប្រជាជាតិបង្ហាញក្តីបារម្ភចំពោះការបិទខ្ទប់តំបន់វេសប៊ែង ដោយអ៊ីស្រាអែល
AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ -- អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អានតូញ៉ូ ហ្គូធឺរែស (Antonio Guterres) បានថ្លែងថា លោក ហ្គូធឺរែស មានក្តីបារម្ភយ៉ាងខ្លាំងចំពោះការបិទតំបន់នានាយ៉ាងទូលំទូលាយ ដែលដាក់ចេញដោយប្រទេសអ៊ីស្រាអែលទៅលើសហគមន៍ប៉ាឡេស្ទីននៅក្នុងតំបន់វេសប៊ែង (West Bank) ។
លោក ស្តេហ្វាន ឌូចារីក (Stephane Dujarric) អ្នកនាំពាក្យរូបនេះបាននិយាយថា ការបិទតំបន់ទាំងនេះ ដែលកើតឡើងបន្ទាប់ពីមានការវាយប្រហារមួយបានសម្លាប់ទាហានអ៊ីស្រាអែលចំនួន ២នាក់នៅជិតទីក្រុងហេប្រុន ដោយបានរឹតត្បិតយ៉ាងធ្ងន់ធ្ងរដល់សេរីភាពនៃការធ្វើដំណើររបស់ជនជាតិប៉ាឡេស្ទីន ការទទួលបានសេវាកម្មមូលដ្ឋាន និងមធ្យោបាយចិញ្ចឹមជីវិតរបស់ពួកគេ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា លោក ហ្គូធឺរែស ក៏មានក្តីបារម្ភផងដែរចំពោះសេចក្តីរាយការណ៍អំពីការវាយកម្ទេចផ្ទះសម្បែង និងលទ្ធភាពនៃការបង្ខំឱ្យប្រជាជនប៉ាឡេស្ទីននៅក្នុងទីក្រុងហេប្រុន ត្រូវចាកចេញពីលំនៅឋានរបស់ខ្លួន។
អ្នកនាំពាក្យរូបនេះបានថ្លែងថា៖ «អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្កោលទោសអំពើហិង្សាដែលបង្កឡើងដោយការវាយប្រហារក្នុងចំនួនដ៏ច្រើនមិនធ្លាប់មានពីមុនមកដោយក្រុមអ្នកតាំងលំនៅអ៊ីស្រាអែលទៅលើជនជាតិប៉ាឡេស្ទីន។ លោកបានរំលឹកអំពីកាតព្វកិច្ចរបស់អ៊ីស្រាអែល ក្រោមច្បាប់អន្តរជាតិ ក្នុងនាមជាកម្លាំងកាន់កាប់ទឹកដី ក្នុងការការពារប្រជាជនប៉ាឡេស្ទីនពីការវាយប្រហារបែបនេះ និងការនាំយកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់»។
លោក ហ្គូធឺរែស ក៏នៅតែមានក្តីបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សា (Gaza) រួមទាំងកុមារផងដែរ ព្រមទាំងការរឹតត្បិតយ៉ាងធ្ងន់ធ្ងរលើការផ្តល់ជំនួយ នៅមុនរដូវរងាចូលមកដល់។ លោកហ្គូធឺរែស បានអំពាវនាវជាថ្មីម្តងទៀតដោយទទូចឱ្យមានការការពារជនស៊ីវិល។ អ្នកនាំពាក្យរូបនេះបានឱ្យដឹងថា លោកក៏បានអំពាវនាវដល់ភាគីទាំងអស់ឱ្យបញ្ឈប់រាល់អំពើហិង្សាជាបន្ទាន់ អត់ធ្មត់ និងចៀសវាងសកម្មភាពនានាដែលអាចធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើងថែមទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





