ប្រធានក្លិបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌលធនធាន នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.)ពិតជាមានលក្ខណៈគ្រប់គ្រាន់សម្រាប់សាធារណជនក្នុងការសិក្សាស្វែងយល់ពីរបបខ្មែរក្រហម
AKP ភ្នំពេញ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ --លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានថ្លែងថា មានខ្សែភាពយន្តមួយចំនួនដែលនិយាយពីសម័យខ្មែរក្រហម ដូចជា រឿងវាលពិឃាត រឿងមុនដំបូងគេសម្លាប់ឪពុករបស់ខ្ញុំ និងរឿងសត្រូវរបស់ប្រជាជន។ល។ និង។ល។ ដែលខ្សែភាពយន្តទាំងនេះហើយធ្វើឱ្យមានការយល់ដឹង និងការចាប់អារម្មណ៍ចំពោះរបបខ្មែរក្រហម។ ដោយឡែកក្រៅពីការទេស្សនាខ្សែភាពយន្តទាំងនេះ តើអ្នកដែលដឹងចង់ដឹងពីសម័យខ្មែរក្រហមគាត់នឹងត្រូវទៅណា? ទៅទួលស្លែង ឬទៅជើងឯក? ជាចម្លើយប្រាកដណាស់គាត់នឹងទៅទីតាំងទាំងពីរកន្លែងនេះ។ សម្រាប់ប្រធានក្លិបអ្នកកាសែតកម្ពុជារូបនេះថា ដើម្បីបានដឹងកាន់តែច្បាស់ពីសម័យខ្មែរក្រហមសាធារណជនទាំងខ្មែរ ទាំងបរទេសគឺត្រូវទៅមជ្ឈមណ្ឌលធនធាន នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.)ដែលស្ថិតនៅកណ្តាលរាជធានីភ្នំពេញតែម្តង។

ក្នុងឱកាសដឹកនាំក្រុមអ្នកសារព័ត៌មានធ្វើទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលធនធាន នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ដែលមានទីតាំងខាងលិចជាប់ទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានថ្លែងថា នេះជាឱកាសល្អ ដែលសារព័ត៌មានជាង ២០ស្ថាប័នមកដល់ទីតាំងមួយនេះ ដែលមានអ្វីៗគ្រប់យ៉ាងត្រូវផ្សព្វផ្សាយទៅកាន់មហាជន ទាំងជាតិ និងអន្តរជាតិ ដែលចង់ដឹង ចង់យល់ឱ្យកាន់តែច្បាស់ពីរបបខ្មែរក្រហម ជាពិសេសសិស្ស និស្សិត ដោយនៅទីនេះមានឯកសារគ្រប់គ្រាន់សម្រាប់ការសិក្សាពីប្រវត្តិរឿងរ៉ាវនៃរបបខ្មែរក្រហម ដែលឯកសារទាំងនេះត្រូវបានរៀបចំឡើងយ៉ាងពិសេសពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.)។ លោកបានបន្ថែមថា ការងារនេះគឺជាការងារមួយដ៏សំខាន់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហើយដែលបើកទទួលគ្រប់មហាជនទូទៅទាំងអស់ មិនថាជាសិស្ស មិនថាជាប្រជាពលរដ្ឋមកពីខេត្តណានោះទេ នេះហើយគឺជាព័ត៌មានសំខាន់ ដែលអ្នកសារព័ត៌មានអាចជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់មហាជនទូទៅ ទាំងក្នុង និងក្រៅប្រទេស។

ក្នុងឱកាសនេះ ឯកឧត្តម ថោង សុជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាមន្ត្រីគ្រប់គ្រងជាន់ខ្ពស់ នៃសាលាក្តីខ្មែរក្រហមបានគូសបញ្ជាក់ថា ជាការពិតការចូលរួមក្នុងការផ្សព្វផ្សាយទៅកាន់មហាជនទាំងជាតិ និងអន្តរជាតិដើម្បីឱ្យកាន់តែជ្រាបច្បាស់ពីរបបខ្មែរក្រហម ដែលជាអ្នកទទួលខុសត្រូវក្នុងការកាប់សម្លាប់ប្រជាជនខ្មែរស្លូតត្រង់រាប់លាននាក់ពីសំណាក់អ្នកសារព័ត៌មានគឺមានសារៈសំខាន់ណាស់ ខណៈដែលមជ្ឈមណ្ឌលធនធាន នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.)ខ្លួនឯងក៏បានខិតខំរួចទៅហើយក្នុងការផ្សព្វផ្សាយតាមមធ្យោបាយនានា ដើម្បីឱ្យមហាជនជាតិ និងអន្តរជាតិមកសិក្សាស្វែងយល់លម្អិតបន្ថែមទៀតនៅមជ្ឈមណ្ឌលធនធាន នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.)នេះ បន្ថែមពីលើការសិក្សាស្វែងយល់នៅទីតាំងប្រល័យពូជសាសន៍ ទួលស្លែង ឬបឹងជើងឯកជាដើម។

សូមជម្រាបថា មជ្ឈមណ្ឌលធនធាន នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ត្រូវបានបង្កើតឡើងក្នុងក្របខ័ណ្ឌអនុវត្ត «មុខងារសេសសល់» របស់តុលាការខ្មែរក្រហម។ បេសកកម្មចម្បងរបស់មជ្ឈមណ្ឌលគឺរក្សាទុក និងគ្រប់គ្រងបណ្ណសារប្រវត្តិសាស្ត្រ ដោយប្រមូលផ្តុំ រក្សាទុក និងគ្រប់គ្រងឯកសារ ភស្តុតាង និងកំណត់ត្រាច្បាប់ទាំងអស់ដែលទាក់ទងនឹងដំណើរការជំនុំជម្រះក្តីមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម បង្កើនការយល់ដឹង និងអប់រំ តាមរយៈការផ្សព្វផ្សាយចំណេះដឹងផ្នែកច្បាប់ ប្រវត្តិសាស្ត្រ និងការចងចាំដល់សាធារណជន សិស្ស និស្សិត និងអ្នកស្រាវជ្រាវ តាមរយៈការតាំងពិព័រណ៍ បណ្ណាល័យ និងកម្មវិធីចុះផ្សព្វផ្សាយ (ជួបផ្ទាល់ និងតាមរយៈមជ្ឈមណ្ឌលធនធានចល័ត) ទប់ស្កាត់អំពើហិង្សានាពេលអនាគត តារយៈការចូលរួមចំណែកក្នុងការការពារកុំឱ្យរបបប្រល័យពូជសាសន៍កើតឡើងជាថ្មី ដោយការអប់រំអំពីយុត្តិធម៌ និងសិទ្ធិមនុស្ស៕
ដោយ ចាន់ សុភឿន





