មូលនិធិ SDF ជំរុញការអភិវឌ្ឍន៍សមត្ថភាពសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
AKP ភ្នំពេញ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦--
នារសៀលថ្ងៃទី០២ ខែកញ្ញានេះ នៅខេត្តសៀមរាប ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ជំនាញ SDF នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមក្នុង «យុទ្ធនាការផ្សព្វផ្សាយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ និងការពង្រឹងគុណភាពសេវាកម្មក្នុងវិស័យទេសចរណ៍» និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សមាគមឧស្សាហកម្មទេសចរណ៍ គ្រឹះស្ថានបណ្តុះបណ្តាល និងបងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបប្រមាណ ៣ ០០០ នាក់។
យុទ្ធនាការនេះ រៀបចំឡើងក្នុងគោលបំណងជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងថ្នាលឌីជីថល Cam-IE ដើម្បីទទួលបានការទទួលស្គាល់ជាផ្លូវការ និងវិញ្ញាបនបត្រឌីជីថល ព្រមទាំងពង្រឹងសមត្ថភាពលើជំនាញវិជ្ជាជីវៈ អាជីវកម្ម និងឌីជីថល តាមរយៈ «កម្មវិធីបណ្ណជំនាញ» និង «កម្មវិធីគាំទ្រសេដ្ឋកិច្ចក្រៅប្រព័ន្ធ» របស់ SDF សម្រាប់ត្រៀមលក្ខណៈចូលរួមសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងចូលរួមលើកកម្ពស់ស្តង់ដាគុណភាពសេវាកម្មទេសចរណ៍កម្ពុជាទាំងកម្រិតជាតិ និងតំបន់អាស៊ាន។


ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គី សុខគីម បានគូសបញ្ជាក់ថា បងប្អូនអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការបង្កើតការងារ។ យុទ្ធនាការនេះ គឺជាជំហានគន្លឹះស្របតាម «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨» ក្នុងការអភិវឌ្ឍសមត្ថភាព ជួយឱ្យបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចាប់យកបច្ចេកវិទ្យា នវានុវត្តន៍ និងឱកាសក្នុងការពង្រឹង និងពង្រីកអាជីវកម្មឱ្យកាន់តែរឹងមាំ។
តាមរយៈការគាំទ្រ និងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល SDF បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងកសាងសមត្ថភាពដល់បុគ្គលិក និងម្ចាស់សហគ្រាសគ្រប់កម្រិត ដោយសម្រេចបាននូវការគាំទ្រការបណ្តុះបណ្តាលសិក្ខាកាមសរុប ១០១ ៥៤៤ នាក់ ។ ក្នុងនោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៤៧ ៥០១ នាក់ ទទួលបានការបណ្តុះបណ្តាលតាមរយៈ «កម្មវិធីបណ្ណជំនាញ» និង «កម្មវិធីគាំទ្រសេដ្ឋកិច្ចក្រៅប្រព័ន្ធ» លើជំនាញអាទិភាពដូចជា បច្ចេកវិទ្យាឌីជីថល ទីផ្សារឌីជីថល ការគ្រប់គ្រងអាជីវកម្ម បដិសណ្ឋារកិច្ច ព្រមទាំងអនាម័យ និងសុវត្ថិភាពចំណីអាហារ ។ល។

ជាទិសដៅបន្ត SDF នឹងបន្តពង្រឹង និងពង្រីកកិច្ចសហការកាន់តែស៊ីជម្រៅជាមួយដៃគូពាក់ព័ន្ធ ជាពិសេសជាមួយក្រសួងទេសចរណ៍ រដ្ឋបាលខេត្ត សមាគមឧស្សាហកម្មនានា និងគ្រឹះស្ថានបណ្តុះបណ្តាល ដើម្បីរួមគ្នារៀបចំ និងរួមគ្នាវិនិយោគក្នុងទ្រង់ទ្រាយកាន់តែធំ ដើម្បីបង្កើនឱកាសអភិវឌ្ឍសមត្ថភាពជូនដល់បងប្អូនប្រកបមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៕
ដោយ ណយ នឿន (ប្រភព៖SDF)





