ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោងស្តារប្រឡាយ និងអាងទឹក ស្ថិតក្នុងភូមិសាស្ដ្រខេត្តតាកែវ
AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង នៃក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃពុធទី២ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ត្រីជំនាញនៃនាយកដ្ឋានវិស្វកម្ម អញ្ជើញចុះត្រួតពិនិត្យ វាយតម្លៃវឌ្ឍនភាពការងារស្តារប្រឡាយ និងពិនិត្យសុពលភាពលើគម្រោងសាងសង់ទំនប់អាងទឹក ក្នុងភូមិសាស្ត្រស្រុកកោះអណ្តែត ស្រុកបាទី និងស្រុកត្រាំកក់ ខេត្តតាកែវ។


តាមរបាយការណ៍បច្ចេកទេស គម្រោងដែលបានចុះត្រួតពិនិត្យនាឱកាសនោះ រួមមាន៖
ទី១. គម្រោងស្តារប្រឡាយមេលេខ៩០ (ជំហានទី១)៖ ស្ថិតក្នុងឃុំក្រពុំឈូក ស្រុកកោះអណ្តែត។ ការងារសំខាន់ៗរួមមាន៖ ស្តារប្រឡាយមេប្រវែង ៤,០០០ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យសរុបចំនួន ៦កន្លែង (សំណង់ស្ទាក់ទឹកទ្វារពីរ ២កន្លែង, លូជ្រុងឆ្លងកាត់ប្រឡាយ ១កន្លែង, លូជ្រុងឆ្លងផ្លូវ ១កន្លែង និងលូយកទឹកមុខកាត់ ១០០សម ១កន្លែង)។ បច្ចុប្បន្ន លទ្ធផលការងារសម្រេចបាន ១០០%។
ទី២. គម្រោងស្តារប្រឡាយមេពង់មួយ៖ ស្ថិតក្នុងឃុំកុមាររាជា ស្រុកបាទី។ ការងារសំខាន់ៗរួមមាន៖ ស្តារប្រឡាយមេចំនួន ២ខ្សែ ប្រវែង ៤,៧៥០ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យសរុបចំនួន ១៥កន្លែង (សំណង់លូដោះទឹកមុខកាត់ ៨០សម ៦កន្លែង, លូយកទឹកមុខកាត់ ១០០សម ៣កន្លែង, លូចម្លង ២កន្លែង, លូជ្រុងដោះទឹក ១កន្លែង និងសំណង់ស្ទាក់ទឹកទ្វារពីរ ៣កន្លែង)។ លទ្ធផលការងារសម្រេចបាន ១០០% ដូចគ្នា។
ទី៣. គម្រោងសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែន៖ ស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់។ ការងារសំខាន់ៗរួមមាន៖ សាងសង់ទំនប់អាងទឹកកម្ពស់ ១២ម៉ែត្រ ទទឹងខ្នងទំនប់ ១៤ម៉ែត្រ និងបណ្តោយ ១៣០ម៉ែត្រ ព្រមទាំងសាងសង់សំណង់សិល្បការ្យ ២កន្លែង (សំណង់លូ ១កន្លែង និងសំណង់បង្ហៀរ ១កន្លែង) ដោយធានាសុពលភាពរយៈពេល ១២ខែ។


ឯកឧត្តមអគ្គនាយក បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាន ព្រមទាំងបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងនៃនាយកដ្ឋានវិស្វកម្ម ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេស ដើម្បីធានាឱ្យបាននូវគុណភាព សុវត្ថិភាព សោភ័ណភាព និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពក្នុងការប្រើប្រាស់រយៈពេលវែង៕
ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





