ឯកឧត្តម ប៉ុញ សច្ចៈ អញ្ជើញដឹកនាំក្រុមការងារចុះរៀបចំពិធីក្រុងពលីសាងសង់អគារស្នាក់ការបក្ស ចុះពិនិត្យការដ្ឋានហេដ្ឋារចនាសម្ព័ន្ធនិងចូលរួមរំលែកទុក្ខគ្រួសារសមាជិកបក្ស
AKP កំពង់ធំ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ -- ឯកឧត្តម ប៉ុញ សច្ចៈ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ចិនត្បូង តំណាងឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញដឹកនាំក្រុមការងាររៀបចំពិធីក្រុងពលីតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីចាប់ផ្តើមដំណើរការសាងសង់អគារស្នាក់ការគណបក្សឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានការចូលរួមពីលោក សាយ គឹមឡម ប្រធានគណៈកម្មាធិការគណបក្សស្រុកស្ទោង ព្រមទាំងតំណាងគណបក្សឃុំ និងភូមិទាំង ៧។

ការសាងសង់អគារស្នាក់ការនេះ គឺដើម្បីឆ្លើយតបតម្រូវការជាក់ស្តែង និងពង្រឹងប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រង សម្របសម្រួលគណបក្សក្នុងមូលដ្ឋានឱ្យកាន់តែរលូន។ ក្នុងថ្ងៃជាមួយគ្នានោះដែរឯកឧត្តមប្រធានក្រុមការងារ ក៏បានចុះពិនិត្យ និងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋដោយផ្ទាល់ ដោយបានចាប់ផ្តើមដំណើរការជួសជុលផ្លូវលំគ្រួសក្រហមចំនួន ១៩ខ្សែ ប្រវែងសរុប៨៥៧២ម៉ែត្រដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ព្រមទាំងស្តារប្រឡាយរំដោះទឹកចំនួន៨ខ្សែ ប្រវែងសរុប៣៥៤៨ម៉ែត្រ សម្រាប់ការពារគ្រោះទឹកជំនន់ និងបម្រើដល់ការងារបង្កបង្កើនផលកសិកម្មក្នុងមូលដ្ឋាន។

ទន្ទឹមនឹងនេះថ្នាក់ដឹកនាំ និងក្រុមការងារ បានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅជាមួយគ្រួសារសពសមាជិកគណបក្សក្នុងមូលដ្ឋានផងដែរ។សកម្មភាពទាំងនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ក្នុងការនៅជាប់ជាមួយប្រជាពលរដ្ឋ ឆ្លើយតបសំណូមពរបានទាន់ពេលវេលា និងរួមគ្នាកសាងឃុំកំពង់ចិនត្បូងឱ្យកាន់តែរីកចម្រើន៕
ដោយ ស៊ុម វណ្ណា




