សាលារៀន អេ អាយ ឌី ជប៉ុន និង អ៊ុ-ស្នួល (ខេមបូឌា) ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា
AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ -- សាលារៀន អេ អាយ ឌី ជប៉ុន និង អ៊ុ-ស្នួល (ខេមបូឌា) កាលពីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្រោមការចូលរួមជាសាក្សីពីលោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា។ អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រ តាមរយៈការរួមបញ្ចូលគ្នារវាងការអប់រំឌីជីថល ការបណ្ដុះបណ្ដាលភាសាជប៉ុន និងជំនាញពាក់ព័ន្ធ ដើម្បីរួមចំណែកលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអប់រំ និងការអភិវឌ្ឍជំនាញរបស់សិស្សានុសិស្ស។

ក្នុងសេចក្តីប្រកាសស្តីពីការចុះអនុស្សរណៈនៃការយោគយល់គ្នានេះបានគូសបញ្ជាក់ថា ការសម្រេចចិត្តរបស់សាលារៀន អេ អាយ ឌី ជប៉ុន ក្នុងការដាក់បញ្ចូលសេវាកម្មបង្រៀន និងមាតិកាអប់រំឌីជីថលរបស់ អ៊ុ-ស្នួល (ខេមបូឌា) ទៅក្នុងកម្មវិធីសិក្សា គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ និងទាន់ពេលវេលា ដែលនឹងរួមចំណែកពង្រីកការប្រើប្រាស់ការអប់រំបែបឌីជីថល និងធានាឱ្យសិស្សានុសិស្សអាចទទួលបានធនធាន និងឱកាសសិក្សាប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះស្មារតីប្ដេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃស្ថាប័នទាំងពីរ ដែលបានធ្វើការយ៉ាងជិតស្និទ្ធ ដោយបានរៀបចំការប្រជុំពិភាក្សា និងផ្លាស់ប្ដូរយោបល់ចំនួន ៥លើក រួមមានទាំងការប្រជុំតាមប្រព័ន្ធអនឡាញ និងការជួបប្រជុំផ្ទាល់ រហូតឈានដល់ការសម្រេចបាននូវកិច្ចសហប្រតិបត្តិការជាក់ស្ដែងដ៏មានអត្ថន័យនាថ្ងៃនេះ។

លោកជំទាវបានលើកឡើងថា ក្នុងបរិបទនៃការអប់រំនាពេលបច្ចុប្បន្នបច្ចេកវិទ្យាមានតួនាទីយ៉ាងសំខាន់ ដែលមិនអាចកាត់ផ្ដាច់ចេញពីការអប់រំបានឡើយ ព្រមទាំងការបញ្ចូលសេវាកម្មរបស់ អ៊ុ-ស្នួល (ខេមបូឌា) នឹងជួយពង្រឹងស្វ័យសិក្សារបស់សិស្សានុសិស្ស ព្រមទាំងផ្ដល់នូវបំណិនបច្ចេកទេសបន្ថែម ដោយការរៀនតាមបែបឌីជីថលជួយកាត់បន្ថយរបាំងចម្ងាយផ្លូវ និងគម្លាតគុណភាពអប់រំ ដោយអនុញ្ញាតឱ្យសិស្សគ្រប់រូប គ្រប់កម្រិត អាចទទួលបានការអប់រំដែលមានស្ដង់ដាពីលោកគ្រូ អ្នកគ្រូដែលមានបទពិសោធគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





