ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវ លូ ស្ពាននៅតំបន់អូរចន្ទ្រាយឃុំដងកាំបិត ស្រុកសណ្ដាន់
AKP កំពង់ធំ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ -- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំសហការីចុះពិនិត្យមើលការស្ថាបនាផ្លូវ លូ និងស្ពាន នៅតំបន់អូរចន្ទ្រាយ ស្ថិតក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ប្រជាជននៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ និងមួយផ្នែកនៅស្រុករវៀង ខេត្តព្រះវិហារ ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់នេះ ទៅកាន់ទីរួមស្រុកសណ្ដាន់និងទៅកាន់ខេត្តកំពង់ធំ។ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការអបអរសាទរ និងរីករាយយ៉ាងក្រៃលែងនិងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលបានស្ថាបនាផ្លូវ១ខ្សែទៀតនិងស្ពានថ្មី នៅខាងលិចដងស្ទឹងសែនក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំនៅពេលនេះ សម្រាប់សម្រួលដល់ការធ្វើដំណើររបស់ប្រជាជន។

លោក លុន យ៉េន ប្រធានក្រុមប្រឹក្សាឃុំដងកាំបិត បានបញ្ជាក់ថា កន្លងទៅនៅតំបន់អូរចន្ទ្រាយនេះ ប្រជាពលរដ្ឋមានការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរ ហើយតំបន់អូរចន្ទ្រាយនេះ រាប់សិបឆ្នាំកន្លងមកហើយ គឺនៅក្នុងរដូវវស្សាប្រជាជនត្រូវធ្វើដំណើរឆ្លងកាត់តាមរយៈទូកតូចៗ និងស្ពានឬស្សីដែលធ្វើឡើងដោយប្រជាជនសម្រាប់ចម្លងបានត្រឹមតែទោចក្រយានយន្ត និងការធ្វើដំណើរដោយថ្មើជើងតែប៉ុណ្ណោះ ។ តែនៅពេលនេះ ប្រជាជនដែលត្រូវធ្វើដំណើរឆ្លងកាត់នៅទីនេះ គឺមានផ្លូវ និងស្ពានសម្រាប់ធ្វើដំណើរមានភាពស្រួល។ជាមួយនេះដែរ លោក មើក វណ្ណាប្រធានការដ្ឋានវិស្វកម្មរបស់អង្គភាព ១៧៨ បានរាយការណ៍បញ្ជាក់ថា ស្ពានអូរចន្ទ្រាយនេះ បានស្ថាបនារួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រជាពលរដ្ឋដំណើរការឆ្លងកាត់ នៅចុងខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ហើយប្រជាជនអាចធ្វើដំណើរឆ្លងកាត់និងដឹកជញ្ជូនលេីផ្លូវនិងស្ពាននេះ ដោយរថយន្តរហូតដល់ទម្ងន់២៥តោន ដែលបង្កលក្ខណៈងាយស្រួលឱ្យប្រជាជនក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានឆាប់រហ័ស។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា កន្លងទៅនេះ ឃុំដងកាំបិត ស្រុកសណ្ដាន់ ដែលជាឃុំនៅចុងកាត់មាត់ញក ជាប់ព្រំប្រទល់ជាមួយឃុំរុងរឿង និងឃុំរៀបរយ ស្រុករវាង ខេត្តព្រះវិហារ។ តែបច្ចុប្បន្ននេះ ឃុំដងកាំបិតបានប្រែប្រួលមុខមាត់ថ្មី ដោយមានទំនប់ស្ទាក់ទឹក តម្លៃរាប់លានដុល្លារសហរដ្ឋអាមេរិក ដែលបម្រើឱ្យវិស័យកសិកម្មសម្រាប់ប្រជាជននៅក្នុងខេត្តកំពង់ធំ ហើយនៅពេលខាងមុខនឹងក្លាយទៅជាតំបន់ទេសចរណ៍។
ជាមួយនោះដែរ ផ្លូវលំ២ខ្សែអមដងស្ទឹងសែន នៅប៉ែកខាងកើតស្ទឹង មានប្រវែងជាង២១គីឡូម៉ែត្រ បានស្ថាបនារួចរាល់ហើយ ដោយឡែកនៅប៉ែកខាងលិចស្ទឹង មានចម្ងាយផ្លូវប្រវែងប្រមាណជាង១៩គីឡូម៉ែត្រ ក្នុងនោះនៅក្នុងឃុំដងកាំបិតមានប្រវែងប្រមាណ១១គីឡូម៉ែត្រ បានសាងសង់រួចរាល់មានប្រវែងប្រមាណ ៥គីឡូម៉ែត្រ និងកំពុងដំណើរការស្ថាបនាបន្តមានប្រវែងប្រមាណ ៦គីឡូម៉ែត្រទៀត ឱ្យរួចរាល់នៅមុនពេលបុណ្យភ្ជំបិណ្ឌខាងនេះ។ ដោយឡែកបច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅឃុំដងកាំបិត អាចធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែនប្រកបដោយសុវត្ថិភាព តាមរយៈសាឡាង១គ្រឿងដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ៕
ដោយ ស៊ុម វណ្ណា




