ស្រុកភ្នំស្រុកជំរុញការបែងចែកដីធ្លីជូនប្រជាពលរដ្ឋ១៧១គ្រួសារ ក្រោមគម្រោង LASED III ដើម្បីលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្រ
AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦-- រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តបង្ហាញពីការយកចិត្តទុកដាក់យ៉ាងស្មោះស្ម័គ្រ ក្នុងការដោះស្រាយបញ្ហាជីវភាព ក៏ដូចជាការផ្តល់ជម្រក និងដីបង្កបង្កើនផលជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។ ស្មារតីនៃការបម្រើប្រជាជននេះ ត្រូវបានស្តែងឡើងយ៉ាងច្បាស់នៅក្នុងពិធីប្រកាសសមាសភាពគណៈកម្មការគ្រប់គ្រងសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន នៃគម្រោង LASED III និងការប្រគល់កិច្ចសន្យាយល់ព្រមអនុវត្តតាមលក្ខខណ្ឌ ជូនដល់គ្រួសារសម្បទានិកចំនួន១៧១គ្រួសារ ស្ថិតនៅក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។

អត្ថន័យ និងសារសំខាន់នៃព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងមន្ទីរជំនាញ និងអាជ្ញាធរដែនដី ដោយមានការអញ្ជើញចូលរួមពីលោក អ៊ុំ វីណារ៉ា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ (តំណាងលោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដីខេត្ត) រួមជាមួយ លោកស្រី ចំរើន ដាណេ អភិបាលនៃគណៈអភិបាលស្រុកភ្នំស្រុក ព្រមទាំងលោកអភិបាលរងស្រុក លោកប្រធាន និងអនុប្រធានការិយាល័យលំនៅឋាន លោកមេឃុំ និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។

នៅក្នុងឱកាសនោះ លោក អ៊ុំ វីណារ៉ា បានគូសបញ្ជាក់យ៉ាងស៊ីជម្រៅថា គម្រោងសម្បទានដីសង្គមកិច្ច (LASED III) មិនមែនគ្រាន់តែជាការចែកដីធ្លីតាមទម្លាប់នោះទេ ប៉ុន្តែវាគឺជា «យុទ្ធសាស្ត្រគន្លឹះ» របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងបង្កើតភាពម្ចាស់ការលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកបានមានប្រសាសន៍បន្ថែមថា
ការប្រគល់កិច្ចសន្យា និងការបង្កើតគណៈកម្មការគ្រប់គ្រងថ្នាក់មូលដ្ឋាននាពេលនេះ គឺជាសាក្សីភាពបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។ ដីសម្បទានសង្គមកិច្ចនេះ នឹងប្រែក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់បងប្អូនទាំង១៧១គ្រួសារ ក្នុងការសាងសង់លំនៅឋានសមរម្យ និងទាញយកផលប្រយោជន៍ពីការបង្កបង្កើនផល កសាងនាគតគ្រួសារឱ្យមានស្ថិរភាព និងភាពរុងរឿង។

ជាមួយគ្នានេះ លោកស្រី ចំរើន ដាណេ អភិបាលស្រុកភ្នំស្រុក ក៏បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេសទាំងអស់ និងបានផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋដែលទទួលបានដីសម្បទាន ឱ្យគោរព និងអនុវត្តតាមលក្ខខណ្ឌនៃកិច្ចសន្យាឱ្យបានខ្ជាប់ខ្ជួន ដោយប្រើប្រាស់ដីធ្លីដែលទទួលបានឱ្យចំគោលដៅ មិនត្រូវលក់ដូរ ឬបោះបង់ចោលឡើយ ដើម្បីធានាថាជំនួយ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ពិតជាផ្តល់ផ្លែផ្កាជាវិជ្ជមានដល់ជីវភាពរស់នៅជាក់ស្តែង។
គម្រោង LASED III នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក មិនត្រឹមតែផ្តល់ដីធ្លីសម្រាប់សង់ផ្ទះ និងធ្វើកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជាផ្លូវលំ គម្រោងទឹកស្អាត និងការគាំទ្រផ្នែកបច្ចេកទេសកសិកម្ម ដើម្បីធានាថាប្រជាពលរដ្ឋសម្បទានិកអាចរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតដោយចីរភាព និងមានគុណភាពជីវិតប្រសើរជាងមុន៕
ដោយ ឈុន សារ៉ាត




