កិច្ចប្រជុំថ្នាក់ជាតិ ស្តីពីការគ្រប់គ្រង និងប្រើប្រាស់ទឹកក្រោមដីប្រកបដោយចីរភាព សម្រាប់កសិកម្មនៅអាងទន្លេមេគង្គក្រោម
AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ — ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង លោកស្រី ប្រាក់ ចាន់វឌ្ឍនា អនុប្រធាននាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីសេចក្តីព្រាងដំបូងនៃផែនការប្រមូលទិន្នន័យទឹកក្រោមដីថ្នាក់ជាតិក្នុងការគ្រប់គ្រង និងប្រើប្រាស់ទឹកក្រោមដីប្រកបដោយចីរភាពសម្រាប់កសិកម្មនៅក្នុងអាងទន្លេមេគង្គក្រោម។

ឯកឧត្តម តែ ណាវុធ បានលើកឡើងថា គោលបំណងនៃកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិនេះ គឺមានបីសំខាន់ ទី១ ពិភាក្សាលើផែនការប្រមូលទិន្នន័យទឹកក្រោមដីជាតិដំបូង ទី២ ពិភាក្សាដើម្បីជ្រើសរើសតំបន់សាកល្បង កំណត់អត្តសញ្ញាណ តួនាទី និងការទទួលខុសត្រូវសម្រាប់គម្រោង និងទី៣ ឯកភាពលើវិធីសាស្ត្រ និងឧបករណ៍ម៉ូដែលទឹកក្រោមដី ការប្រមូលទិន្នន័យ ការកំណត់អត្តសញ្ញាណកង្វះខាតទិន្នន័យ និងវិធីសាស្ត្រចែករំលែកទិន្នន័យសម្រាប់គម្រោងសាកល្បងនេះ។

កិច្ចប្រជុំពិគ្រោះយោបល់នេះ រៀបចំដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅសាលប្រជុំទីរួមខេត្តកំពង់ចាម ដោយមានវត្តមានចូលរួមពីមន្រ្តីជំនាញពាក់ព័ន្ធមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប មន្រ្តីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្រ្តីនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងមានការសម្របសម្រួលធ្វើបទបង្ហាញដោយអ្នកជំនាញការជាតិរបស់គម្រោង សរុបចំនួន ១៨នាក់៕

ដោយ៖ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាបន្លេសាប)




