កិច្ចប្រជុំស្ដីពីការពិនិត្យលើធាតុចូលរបស់វិស័យឯកជនលើសេចក្ដីណែនាំនៃការដាក់ដំណើរការការប្រើប្រាស់អាជ្ញាបណ្ណតាមអេឡិចត្រូនិក
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យលើធាតុចូលរបស់វិស័យឯកជន លើសេចក្ដីណែនាំនៃការដាក់ដំណើរការការប្រើអាជ្ញាបណ្ណតាមអេឡិចត្រូនិក ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពិនិត្យលើការផ្ដល់យោបល់របស់វិស័យឯកជន ដើម្បីកែលម្អសេចក្ដីណែនាំ ឬប្រព័ន្ធដាក់ដំណើរការអាជ្ញាបណ្ណតាមអេឡិចត្រូនិកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាបានថាប្រព័ន្ធអនឡាញនេះពិតជាផ្ដល់ភាពងាយស្រួល ច្បាស់លាស់ និងមានតម្លាភាព អនុលោមតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន តាមរយៈការផ្លាស់ប្ដូរទិន្នន័យកម្ពុជា (ហៅកាត់ថា CamDX) ដើម្បីចូលរួមលើកកម្ពស់បរិយាកាសការធ្វើធុរកិច្ចនៅកម្ពុជា។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា បានផ្ដល់ជាវេទិកាសម្រាប់លើកកម្ពស់ការពិភាក្សាជាបន្តបន្ទាប់ ជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងសហព័ន្ធសេវាអប់រំនៅកម្ពុជាលើលក្ខខណ្ឌ នីតិវិធីនៃការបើកគ្រឹះស្ថានសិក្សា ប្រភេទ និងតម្លៃសេវា រហូតឈានដល់ការចាប់ផ្ដើមឡើងវិញនូវការដ្ឋានការងារនៅឆ្នាំ២០២៥ និងសម្រេចដាក់ដំណើរការជាបឋម និងជាដំណាក់កាលនូវ "ប្រព័ន្ធស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតក្នុងវិស័យអប់រំ"។

សូមជម្រាបថា កន្លងមកក្រុមការងារជំនាញក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សា និងប្រមូលធាតុចូលពីសំណាក់វិស័យឯកជនចំនួន៣លើករួចមកហើយ ដើម្បីកែលម្អលើសេចក្ដីព្រាង និងសេចក្ដីណែនាំស្ដីពី៖ ១. លក្ខខណ្ឌតម្រូវ និងលក្ខណៈវិនិច្ឆ័យក្នុងការបង្កើតគ្រឹះស្ថានសិក្សាឯកជន គោលការណ៍បែបបទ និងនីតិវិធីនៃការផ្ដល់សេវាអប់រំ យុវជន និងកីឡា តាមយន្តការច្រកចេញចូលតែមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ២. លក្ខខណ្ឌតម្រូវ និងលក្ខណៈវិនិច្ឆ័យក្នុងការបង្កើតគ្រឹះស្ថានសិក្សាឯកជន គោលការណ៍បែបបទ និងនីតិវិធីនៃការផ្ដល់សេវាអប់រំ យុវជន និងកីឡា នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ និង៣. ការផ្ដល់សេវាសាធារណៈរបស់ក្រសួងអប់រំ យុវជន និងកីឡា តាមប្រព័ន្ធឌីជីថល។ តាមរយៈវឌ្ឍនភាពនេះ ការកែសម្រួលលិខិតបទដ្ឋានគតិយុត្តបានក្លាយជាកត្តាចាំបាច់ក្នុងការកែសម្រួល និងធ្វើបច្ចុប្បន្នភាពដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការអនុវត្ត។

បន្ទាប់ពីពិនិត្យវឌ្ឍនភាព និងកិច្ចពិភាក្សារួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ឱ្យក្រុមការងារចុះទៅពិនិត្យដោយផ្ទាល់ដល់សាលារៀនដែលក្រសួងបានទទួលស្គាល់គុណភាព ដើម្បីពិនិត្យបញ្ជាក់ពីភាពសមស្របនៃលក្ខណៈវិនិច្ឆ័យដែលបានកំណត់ ឆ្លើយតបទៅនឹងលក្ខខណ្ឌស្ដង់ដាគុណភាពអប់រំក្នុងការផ្ដល់អាជ្ញាបណ្ណ សូមរៀបចំប្រព័ន្ធទិន្នន័យសាលារៀនតាមតំបន់ឱ្យបានច្បាស់លាស់/ត្រឹមត្រូវ ដោយរួមបញ្ចូលសាលារៀនឯកជនអនុវត្តកម្មវិធីស្ដង់ដាអន្តរជាតិ និងសាលារៀនដែលមានការទទួលស្គាល់គុណភាពជាអន្តរជាតិ និងសូមពិនិត្យរៀបចំឡើងវិញនូវយន្តការវាយតម្លៃលើគុណភាពបង្រៀនតាមសាលារៀនឯកជន៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





