ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ លើកទឹកចិត្តឱ្យកសិករបន្តដាំដុះដោយផ្អែកលើបច្ចេកទេស និងការប្រែប្រួលអាកាសធាតុ តាមរយៈការជ្រើសរើសដំណាំសមស្រប និងការដាំដុះចម្រុះ
AKP ក្រចេះ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានលើកទឹកចិត្ដឱ្យប្រជាកសិករសហការជិតស្និទ្ធជាមួយមន្ត្រីជំនាញកសិកម្ម ដោយមិនគួរសម្រេចចិត្តជ្រើសរើសប្រភេទដំណាំដោយផ្អែកតែលើទម្លាប់នៃការដាំដុះពីមុននោះទេ ប៉ុន្តែត្រូវសិក្សាឱ្យបានច្បាស់អំពីប្រភេទដី ស្ថានភាពប្រភពទឹក រដូវកាល កម្រិតទឹក និងហានិភ័យនៃការជន់លិច ដើម្បីជ្រើសរើសដំណាំ និងវិធីសាស្ត្រដាំដុះដែលសមស្របទៅនឹងស្ថានភាពជាក់ស្តែង។ ការលើកឡើងរបស់ឯកឧត្ដមបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្ត្រីជំនាញកសិកម្ម ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់ជាក់ស្តែងដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ព្រមទាំងស្វែងរកវិធានការសមស្រប ដើម្បីជួយប្រជាកសិករបន្សាំខ្លួន និងកាត់បន្ថយហានិភ័យនៃការខាតបង់ក្នុងការប្រកបរបរកសិកម្ម នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅខេត្ដក្រចេះ។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានជំរុញឱ្យប្រជាកសិករពិចារណាបង្កើនការដាំដុះដំណាំចម្រុះ និងស្វែងរកប្រភេទដំណាំដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ស្របតាមលក្ខខណ្ឌដី ទឹក និងរដូវកាលនៅតាមតំបន់នីមួយៗ។ ឯកឧត្ដមបានលើកឡើងថា ការបែងចែកផ្ទៃដីដាំដុះជាប្រភេទដំណាំផ្សេងៗគ្នា អាចជួយកាត់បន្ថយហានិភ័យ ប្រសិនបើដំណាំមួយប្រភេទរងផលប៉ះពាល់ពីទឹកជំនន់ ភាពរាំងស្ងួត ឬការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះ ឯកឧត្ដមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានបញ្ជាក់ថា ប្រជាកសិករត្រូវបន្តស្វែងយល់ពីបច្ចេកទេសកសិកម្មទំនើប និងប្រើប្រាស់ព័ត៌មានព្យាករណ៍អាកាសធាតុ ដើម្បីរៀបចំផែនការដាំដុះឱ្យបានទាន់ពេលវេលា។ ទន្ទឹមនេះ ការសហការជាមួយមន្ត្រីជំនាញកសិកម្ម គឺជាកត្តាសំខាន់ក្នុងការជ្រើសរើសពូជដំណាំ សម្របពេលវេលាដាំដុះ និងរៀបចំវិធានការការពារដំណាំពីហានិភ័យដែលអាចកើតមាន។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ទៀតថា ក្នុងបរិបទដែលអាកាសធាតុកាន់តែមានការប្រែប្រួល ការបន្សាំខ្លួនរបស់ប្រជាកសិករ គឺជារឿងចាំបាច់ ដើម្បីរក្សាប្រភពចំណូល និងសន្តិសុខស្បៀងរបស់គ្រួសារ។ ដូច្នេះ ការដាំដុះដំណាំចម្រុះ ការជ្រើសរើសដំណាំសមស្រប និងការប្រើប្រាស់ចំណេះដឹងបច្ចេកទេស គួរត្រូវបានចាត់ទុកជាផ្នែកមួយនៃផែនការកសិកម្មរបស់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗពីការប្រែប្រួលអាកាសធាតុ។

ក្នុងជំនួបនេះដែរ ប្រជាពលរដ្ឋបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា ទឹកជំនន់ដែលអូសបន្លាយរយៈពេលយូរ បានបង្កផលប៉ះពាល់ និងការខូចខាតដល់ដំណាំ ក៏ដូចជាធ្វើឱ្យកសិករប្រឈមនឹងការខាតបង់ថវិកាដែលបានចំណាយលើការរៀបចំដី ពូជ ជី និងការដាំដុះ មុនពេលទឹកទន្លេមេគង្គឡើង។

ទាក់ទងនឹងការលើកឡើងនេះដែរ ឯកឧត្តមប្រធានក្រុមការងារក៏បានលើកទឹកចិត្តឱ្យប្រជាកសិករកុំបោះបង់ការប្រកបរបរកសិកម្ម ប៉ុន្តែត្រូវផ្លាស់ប្តូរពីការដាំដុះតាមទម្លាប់ មកជាការដាំដុះដែលផ្អែកលើព័ត៌មាន បច្ចេកទេស និងស្ថានភាពអាកាសធាតុជាក់ស្តែង ដើម្បីកាត់បន្ថយការខាតបង់ បង្កើនប្រសិទ្ធភាពផលិតកម្ម និងធានាបាននូវជីវភាពកាន់តែប្រសើររបស់គ្រួសារកសិករ៕

ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា





