កម្ពុជា-វៀតណាម ចែករំលែកបទពិសោធន៍លើការប្រើ AI និងឌីជីថល ក្នុងការផលិតព័ត៌មាន និងវីដេអូ ដើម្បីជំរុញវិស័យសារព័ត៌មានឱ្យកាន់តែទំនើប
AKP ហាណូយ, វៀតណាម ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦--កម្ពុជា និងវៀតណាម បានបន្តពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវិស័យសារព័ត៌មាន ដោយបានផ្លាស់ប្តូរបទពិសោធន៍សំខាន់ៗលើការធ្វើបរិវត្តកម្មឌីជីថល និងការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការផលិតព័ត៌មាន និងវីដេអូ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃការរីកចម្រើនយ៉ាងឆាប់រហ័ស។

ការផ្លាស់ប្តូរបទពិសោធន៍នេះ ត្រូវបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោក ជ្រីម ឆេងលីម អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងព័ត៌មាន និងជាប្រធានគណៈប្រតិភូសារព័ត៌មានកម្ពុជា ជាមួយ លោក Vu Duy ប្រធាននាយកដ្ឋានរៀបចំបុគ្គលិក និងសហប្រតិបត្តិការអន្តរជាតិ នៃមជ្ឈមណ្ឌលផ្សាយសំឡេងជាតិ នៃវិទ្យុសំឡេងវៀតណាម (VOV) នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងជំនួបនោះ លោក ជ្រីម ឆេងលីម បានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងព័ត៌មាន និង VOV ដែលមានរយៈពេលជាង ១៥ឆ្នាំមកហើយ។ លោកបានរម្លឹកពីប្រវត្តិសាស្ត្រនៃការជួយជ្រោមជ្រែងគ្នារវាងប្រទេសទាំងពីរ តាំងពីដំណាក់កាលលំបាកក្នុងការរំដោះប្រទេស រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ន។ លោកអគ្គលេខាធិការរងបានបន្ថែមថា ស្ថានីយវិទ្យុដែលជានិមិត្តរូបនៃជំនួយរបស់រដ្ឋាភិបាលវៀតណាម តាមរយៈ VOV នៅតែបន្តបម្រើផលប្រយោជន៍ និងសតិអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរយ៉ាងសំខាន់។

ជាមួយការវិវត្តនៃបដិវត្តកម្មឌីជីថល លោកអគ្គលេខាធិការរង និងជាប្រធានគណៈប្រតិភូសារព័ត៌មានកម្ពុជា ក៏បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង AI ក្នុងដំណើរការការងាររបស់ VOV នាពេលបច្ចុប្បន្ន។ លោកបានលើកឡើងផងដែរថា តាមរយៈបទពិសោធន៍ល្អៗទាំងនេះ នឹងត្រូវនាំយកទៅអនុវត្ត និងអភិវឌ្ឍន៍វិស័យព័ត៌មាននៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព លឿន រហ័ស និងមានសុក្រឹតភាពខ្ពស់។
ក្នុងឱកាសនោះ លោក Vu Duy បានថ្លែងបញ្ជាក់ថា VOV រីករាយក្នុងការចែករំលែកបទពិសោធន៍ និងព័ត៌មានពាក់ព័ន្ធនឹងបដិវត្តន៍ឌីជីថល ស្របតាមកិច្ចព្រមព្រៀងនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។ លោកបានអះអាងថា VOV នឹងបន្តខិតខំអស់ពីសមត្ថភាព ក្នុងការជួយគាំទ្រភាគីកម្ពុជា លើការលើកកម្ពស់សមត្ថភាពបច្ចេកវិទ្យាឌីជីថល។

លោក Vu Duy បានបញ្ជាក់ឱ្យដឹងទៀតថា នៅឆ្នាំ២០២៧ ខាងមុខនេះ នឹងមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ពីរទន្ទឹមគ្នា គឺខួប ៧០ឆ្នាំ នៃការចាក់ផ្សាយកម្មវិធីភាសាខ្មែររបស់ VOV និងខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម។ លោកបានអះអាងផងដែរថា ភាគីវៀតណាម មានបំណងបង្កើតខ្លឹមសារសហប្រតិបត្តិការរួមគ្នា ជាពិសេសរវាងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា និង VOV ដើម្បីផលិតកម្មវិធីព័ត៌មានរួមគ្នា អបអរសាទរព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ៕
ដោយ៖ ទូច វលក័្ខណ




