ឯកឧត្តម ជា វ៉ាន់ដេត និងតំណាង UNDP ចូលរួមវាយតម្លៃភាពរួចរាល់នៃកម្មវិធីចាប់យកប្រភពកូដចំហនៅកម្ពុជា (OSPORA) របស់ក្រសួង ស្ថាប័ន វិស័យឯកជន និងគ្រឹះស្ថានសិក្សា
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNDP Resident Representative) នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធី បើកសិក្ខាសាលាពិភាក្សា ស្តីពីរបាយការណ៍វាយតម្លៃភាពរួចរាល់នៃកម្មវិធីចាប់យកប្រភពកូដចំហនៅកម្ពុជា (OSPORA) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃ ក.ប.ទ. តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ស្ថានទូតបារាំងប្រចាំកម្ពុជា ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា វិស័យឯកជន និងគ្រឹះស្ថានអប់រំ ប្រមាណ ១៥០រូប។

ថ្លែងក្នុងពិធីបើក សិក្ខាសាលា ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលជាបញ្ចកោណទី៥ ដើម្បីចូលរួមជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កម្ពុជាឱ្យក្លាយទៅជា ប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមបានបន្តថា ក.ប.ទ. គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងអភិវឌ្ឍន៍ថ្នាល និងកម្មវិធីជាច្រើនសម្រាប់គាំទ្រដល់ដំណើរបរិវត្តកម្ម រដ្ឋាភិបាលឌីជីថល ក៏ដូចជាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល រហ័ស និងមានជំនឿចិត្តខ្ពស់។ បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការជ្រើសរើសបច្ចេកវិទ្យាប្រភពកូដបើកចំហ (Open-Source) និងការអភិវឌ្ឍថ្នាលដែលជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ (DPI) គឺជាយុទ្ធសាស្ត្រដែលមិនអាចខ្វះបានក្នុងការពង្រឹងអធិបតេយ្យភាពឌីជីថល ការធានាចីរភាពថវិកា ការលើកកម្ពស់សមត្ថភាពបច្ចេកវិទ្យាក្នុងស្រុក និងការបញ្ជៀសការពឹងផ្អែកទាំងស្រុងលើក្រុមហ៊ុនផ្គត់ផ្គង់តែមួយ (Vendor lock-in)។

ជាមួយគ្នានេះដែរ លោក អេនរីកូ ហ្គាវេលីយ៉ា បានលើកឡើងថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ កម្ពុជាបានបង្កើតមូលដ្ឋានគ្រឹះគោលនយោបាយប្រកបដោយមហិច្ឆិតា ដើម្បីផ្តល់នូវអន្តរប្រតិបត្តិការ នវានុវត្តន៍ឌីជីថល និងការផ្តល់សេវាដោយផ្តោតលើប្រជាពលរដ្ឋជាស្នូលនៃរបៀបវារៈអភិវឌ្ឍន៍របស់ប្រទេស។ លោក បន្តថា កម្ពុជាមានចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍប្រព័ន្ធរដ្ឋាភិបាលឌីជីថលទំនើប ដែលប្រទាក់ក្រឡាគ្នាប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងធុរកិច្ច។ បរិយាកាសគោលនយោបាយរបស់កម្ពុជា គឺជាចំណុចខ្លាំងបំផុតមួយ និងផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការចាប់យកបន្ថែមទៀតនូវប្រព័ន្ធឌីជីថលដែលបើកចំហ និងអន្តរប្រតិបត្តិការ៕


ដោយ៖ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍)





