អង្គការ CI ផ្តល់សម្ភារល្បាតដល់ឧទ្យានុរក្ស ដែនជម្រកសត្វព្រៃ ព្រៃឡង់
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦–ដូចបណ្តាឆ្នាំមុនៗ សម្ភារចាំបាច់សម្រាប់គាំទ្រការល្បាតសំខាន់ៗ រួមមាន ស្បែកជើង ឯកសណ្ឋានមន្ត្រីឧទ្យានុរក្ស អាវក្រៅ អង្រឹង ពិល ស្រោមដៃ និងសម្ភារៈចាំបាច់ផ្សេងៗទៀត អង្គការ CI បានប្រគល់ជូនដល់មន្ត្រីឧទ្យានុរក្ស នៅដែនជម្រកសត្វព្រៃព្រៃឡង់ ក្រោមការគាំទ្ររបស់គម្រោងយន្តការឥណទានកាបូនរួមគ្នា រេដបូកព្រៃឡង់ ដែលជាតំបន់ទេសភាពដ៏សំខាន់មួយរបស់កម្ពុជា។

មន្រ្តីអង្គការ CI បានឱ្យដឹងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ថា ការផ្តល់ជូនសម្ភារទាំងនេះគឺក្នុងគោលបំណងជួយលើកកម្ពស់សុវត្ថិភាព ផាសុកភាព និងជួយសម្រួលដល់ការបំពេញការងារល្បាតដែលមានពោរពេញដោយឧបសគ្គ ព្រមទាំងជួយពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការការពារជីវៈចម្រុះ និងទីជម្រកសំខាន់ៗនៅដែនជម្រកសត្វព្រៃ ព្រៃឡង់។តាមរយៈការគាំទ្រសម្ភារចាំបាច់ដល់មន្ត្រីឧទ្យានុរក្ស អង្គការCI កំពុងរួមចំណែកដល់ការពង្រឹងកិច្ចការពារព្រៃឈើ ថែរក្សាជីវៈចម្រុះ ទីជម្រកសំខាន់ៗ និងគាំទ្រដល់ការអភិរក្សព្រៃឡង់រយៈពេលវែង សម្រាប់មនុស្ស ធម្មជាតិ និងអាកាសធាតុ។

សូមរួមគ្នាការពារព្រៃឈើ និងរាយការណ៍រាល់បទល្មើសធម្មជាតិ ដើម្បីចូលរួមចំណែកការពារព្រៃឈើរបស់យើងឱ្យនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ ៕

ដោយ៖ ណយ នឿន (ប្រភព៖CI)





