រដ្ឋមន្ត្រីក្រសួងអប់រំដឹកនាំប្រតិភូចុះពិនិត្យវឌ្ឍនភាពកម្មវិធីផ្ដល់អាហារតាមសាលារៀន
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦–ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីសំណាក់តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ កម្មវិធីស្បៀងអាហារពិភពលោក និងអង្គការ Action Education ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានចុះពិនិត្យវឌ្ឍនភាពកម្មវិធីផ្ដល់អាហារតាមសាលារៀន និងសំណេះសំណាលជាមួយបុគ្គលិកអប់រំនៃសាលារៀនបណ្ដោះអាសន្ន ក្រោមគម្រោង LASED III (Land Allocation for Social and Economic Development Project III) និងសហគមន៍នៃជំរំសុវត្ថិភាពចុងកាល់ និងវត្តបាត់ថ្តៅ ក្នុងខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានពិនិត្យស្ថានភាពទូទៅ និងហេដ្ឋារចនាសម្ព័ន្ធសាលារៀនបណ្ដោះអាសន្ន បរិយាកាសនៃការរៀបចំម្ហូបអាហារពេលព្រឹកជូនសិស្សានុសិស្សញ៉ាំមុនពេលចូលរៀន និងសកម្មភាពរៀន និងបង្រៀន ព្រមទាំងបានសំណេះសំណាលជាមួយគណៈកម្មការគ្រប់គ្រងជំរំ នាយកសាលា នាយឃ្លាំង លោកគ្រូ អ្នកគ្រូ ចុងភៅ និងតំណាងមាតាបិតាអំពីចំណាប់អារម្មណ៍ វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅនៃការអនុវត្តកម្មវិធីនេះ ដើម្បីបន្តកែលម្អ និងផ្ដល់ការគាំទ្រកាន់តែល្អប្រសើរ។ នាឱកាសនេះប្រតិភូក្រសួងអប់រំ យុវជន និងកីឡា បាននាំយកនូវសម្ភារៈប្រើប្រាស់ចាំបាច់ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ដែលទទួលបានពីសប្បុរសជននានា និងថវិកាផ្ទាល់របស់ក្រសួងប្រគល់ជូនគណៈកម្មការគ្រប់គ្រងជំរំ និងសាលារៀនបណ្ដោះអាសន្ន ដោយបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបន្តចូលរួមគាំទ្រគ្រប់រូបភាព និងអស់ពីលទ្ធភាព ដោយសហការជាមួយភាគីពាក់ព័ន្ធ និងសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីធានាឱ្យបាននូវនិរន្តរភាពនៃការសិក្សា និងកាត់បន្ថយផលប៉ះពាល់ដល់ការរៀនសូត្ររបស់សិស្សានុសិស្ស។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងនោះរួមមាន កម្មវិធីស្បៀងអាហារពិភពលោក និងអង្គការ Action Education ដែលតែងតែចូលរួមយ៉ាងសកម្មជាមួយក្រសួងអប់រំ យុវជន និងកីឡា គាំទ្រដល់សហគមន៍ភៀសសឹកនៅតាមជំរំសុវត្ថិភាព ដោយផ្ដល់ជូនទាំងសម្ភារៈ បច្ចេកទេស និងថវិកាគាំទ្រ ដែលជំរុញឱ្យកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍ និងការគ្រប់គ្រងថ្នាក់រៀនបណ្ដោះអាសន្នដំណើរការទៅបានល្អប្រសើរ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏សូមថ្លែងអំណរគុណជាថ្មីម្ដងទៀត ចំពោះលោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំពុះពារការលំបាក ឈរជើងបង្រៀនសិស្សនៅតាមព្រំដែន និងជំរំសុវត្ថិភាព ព្រមទាំងបានអំពាវនាវឱ្យសហគមន៍ និងអាណាព្យាបាលបន្តរួមគ្នាមើលថែទាំកូនៗ ជួយរៀបចំកន្លែងរៀនសូត្រ និងសហការជិតស្និទ្ធជាមួយសាលារៀន ដើម្បីធានានូវសុខសុវត្ថិភាព និងការអប់រំប្រកបដោយគុណភាពសម្រាប់កុមារគ្រប់រូបនៅកម្ពុជា៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





