ប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកការងារយុវជនអាស៊ាន លើកទី១៤ និងកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកការងារយុវជនអាស៊ានបូក៣ លើកទី១០
AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកការងារយុវជនអាស៊ាន លើកទី១៤ និងកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកការងារយុវជនអាស៊ានបូក៣ លើកទី១០ តាមប្រព័ន្ធអនឡាញ រៀបចំដោយប្រទេសហ្វីលីពីន ដែលជាម្ចាស់ផ្ទះប្ដូរវេន។
កិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកយុវជនអាស៊ាន លើកទី១៤ ផ្ដោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការយុវជន និងការកំណត់ទិសដៅអភិវឌ្ឍយុវជនសម្រាប់ទសវត្សរ៍ខាងមុខ ក្នុងនោះ រដ្ឋមន្ត្រីយុវជនអាស៊ាន បានពិភាក្សា និងអនុម័តផែនការការងារអាស៊ានស្ដីពីយុវជន ឆ្នាំ២០២៦–២០៣០ សេចក្ដីប្រកាសអាស៊ានស្ដីពីការពង្រឹងការអភិវឌ្ឍយុវជន ដើម្បីសហគមន៍អាស៊ានដែលមានភាពធន់ នវានុវត្តន៍ ភាពស្វាហាប់ និងបរិយាបន្ន៖ រួមគ្នាឆ្ពោះទៅរកអនាគត សេចក្ដីថ្លែងការណ៍យុវជនអាស៊ានស្ដីពីភាពធន់ផ្នែកឌីជីថល រួមទាំងសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកយុវជនអាស៊ាន លើកទី១៤ ផងដែរ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបទអន្តរា
គមន៍ក្នុងនាមកម្ពុជាដោយលើកឡើងថា អនាគតរបស់អាស៊ាន មិនអាចកាត់ផ្ដាច់ចេញពីអនាគតរបស់យុវជនបានឡើយ។ ជាមួយនឹងចំនួនយុវជនជាង៦០% នៃប្រជាជនក្នុងតំបន់ដែលមានអាយុក្រោម ៣៥ឆ្នាំ យើងត្រូវធានាថា យុវជនមិនត្រឹមតែត្រៀមខ្លួនសម្រាប់អនាគតប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានសមត្ថភាព ឱកាស និងសំឡេង ដើម្បីចូលរួមកំណត់អនាគតនោះផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាបន្តផ្ដល់អាទិភាពដល់ការអភិវឌ្ឍមូលធនមនុស្ស អក្ខរកម្មឌីជីថល STEM, TVET សហគ្រិនភាព និងនវានុវត្តន៍ ព្រមទាំងការអភិវឌ្ឍការគិតវិភាគ ភាពច្នៃប្រឌិត ភាពជាអ្នកដឹកនាំ និងសមត្ថភាពដោះស្រាយបញ្ហា ហើយបទពិសោធរបស់កម្ពុជាបង្ហាញថា ការអភិវឌ្ឍយុវជនមានប្រសិទ្ធភាពនៅពេលដែលជំនាញ ឱកាស និងភាពជាអ្នកដឹកនាំត្រូវបានភ្ជាប់ជាមួយគ្នា ដើម្បីឱ្យយុវជនក្លាយជាកម្លាំងស្នូលក្នុងការកសាងសហគមន៍អាស៊ានដែលមានភាពធន់ នវានុវត្តន៍ ស្វាហាប់ និងបរិយាបន្ន។


បន្ទាប់មក នារសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ បានបន្តដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំរដ្ឋ
មន្ត្រីទទួលបន្ទុកការងារយុវជនអាស៊ានបូក៣ លើកទី១០ ដោយផ្ដោតលើការបន្តពង្រឹងកិច្ចសហប្រតិ
បត្តិការរវាងអាស៊ាន និងប្រទេសដៃគូបូក៣គឺ សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ។ កិច្ចប្រជុំនេះបានផ្ដោតលើការចែករំលែកទស្សនៈ និងបទពិសោធរបស់រដ្ឋមន្ត្រីយុវជន ព្រមទាំងពិចារណា និងអនុម័តលើសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកយុវជនអាស៊ានបូក៣ លើកទី១០ ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការយុវជនក្នុងក្របខណ្ឌអាស៊ានបូក៣។
ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកកិច្ចប្រជុំទាំងនេះថាជាវេទិកាដ៏សំខាន់សម្រាប់បង្ហាញទស្សនៈ និងអាទិភាពរបស់កម្ពុជាចំពោះការអភិវឌ្ឍយុវជន ព្រមទាំងចូលរួមចំណែកក្នុងការកំណត់ទិសដៅរួមរបស់អាស៊ាន ដើម្បីធានាថា យុវជនត្រូវបានផ្ដល់ឱកាស សមត្ថភាព និងវេទិកាចាំបាច់ ដើម្បីក្លាយជាកម្លាំងចលករសម្រាប់ការផ្លាស់ប្ដូរ និងការកសាងសហគមន៍អាស៊ាននាពេលអនាគត៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





