ឯកឧត្តម សុខ លូ ធ្វើយុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើម នៅក្រុងបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានធ្វើយុទ្ធនាការដាំកូនឈើក្នុងផ្ទះមួយខ្នង ដើមឈើមួយដើម ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ថ្លែងក្នុងពិធីដាំកូនឈើនៅតាមបណ្ដោយផ្លូវលេខ៥២០ ក្នុងសង្កាត់ស្លាកែត ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ការដាក់ឈ្មោះយុទ្ធនាការ ផ្ទះមួយខ្នង ដើមឈើមួយដើម គឺចង់ឱ្យបងប្អូនប្រជាពលរដ្ឋមានស្មារតីស្រឡាញ់បរិស្ថានបៃតង មានឆន្ទៈចូលរួមដាំដើមឈើ និងថែទាំដើមឈើដែលបានដាំហើយឱ្យបានលូតលាស់ល្អ។កន្លងមកអាជ្ញាធរក្រុង សង្កាត់ បានខិតខំរំដោះដីចំណីផ្លូវសាធារណៈរបស់រដ្ឋ បើកផ្លូវឱ្យបានទូលាយដើម្បីបម្រើប្រយោជន៍សាធារណៈ និងដាំដើមឈើដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថានបៃតង។អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវបន្តដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងតាមដងផ្លូវនៅតាមបណ្ដាក្រុង ស្រុក ឃុំ សង្កាត់ទូទាំងខេត្តបាត់ដំបង។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថាន ត្រូវខិតខំបណ្ដុះកូនឈើព្រៃសម្រាប់ដាំតាមដងផ្លូវសាធារណៈ និងកូនឈើហូបផ្លែចែកជូនប្រជាពលរដ្ឋដាំនៅតាមលំនៅឋាន។


អាជ្ញាធរូលដ្ឋាន និងប្រជាពលរដ្ឋបានបង្ហាញការសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមដែលផ្តួចដើមឡើងដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។ ពួកគាត់ចាត់ទុកការដាំដើមឈើពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកាត់បន្ថយកម្ដៅផែនដី លើកកម្ពស់សោភ័ណភាព និងបរិស្ថានបៃតងរបស់ក្រុងបាត់ដំបង ៕

ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





