បទវិចារណកថា៖ រាជរដ្ឋាភិបាលបាននិងកំពុងបោសសម្អាត Online Scams យ៉ាងមោះមុតជាមួយនឹងលទ្ធផលគាប់ប្រសើរ
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ -- នៅក្នុងប្រទេសកម្ពុជា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scams បានធ្វើឱ្យមានជនរងគ្រោះជាបន្តបន្ទាប់ បើទោះបីជាក្រុមឧក្រិដ្ឋជនទាំងនេះ ផ្តោតតែលើជនបរទេសក៏ដោយ។ ប៉ុន្តែ Online Scams នេះ ត្រូវបានដឹងលឺថាមានវត្តមាននៅកម្ពុជាក្នុងរយៈពេលតែប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដោយក្រុមទាំងនេះបានជ្រៀតចូលកម្ពុជាបន្តិចម្តងៗ ហើយបង្កើតជាក្រុមធំ និងមានរចនាសម្ព័ន្ធ ដើម្បីប្រតិបត្តិការសកម្មភាពរបស់ខ្លួន។

ទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាមិនបានព្រងើយកន្តើយចំពោះបញ្ហានេះឡើយ!
បន្ទាប់ពីដឹងថា ក្រុមទាំងនេះចាប់ផ្តើមប្រើប្រាស់កម្ពុជាជាទីតាំងដើម្បីធ្វើការឆបោករួចមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅក្រសួងមហាផ្ទៃ ក៏ដូចជាក្រសួង/ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានីខេត្ត ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីទឹកដីកម្ពុជា។
បន្ថែមពីលើយុទ្ធនាការដ៏សស្រាក់សស្រាំរបស់ផ្នែកពាក់ព័ន្ធទាំងអស់ កម្ពុជាបានចេញច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលត្រូវបានប្រព្រឹត្តតាមប្រព័ន្ធបច្ចេកវិទ្យា ឬដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើស ព្រមទាំងចំពោះបទល្មើសដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងនោះក៏មានទោសទណ្ឌរហូតដល់ជាប់ពន្ធនាគារមួយជីវិត ដែលជាទោសធ្ងន់បំផុតនៅកម្ពុជា ដែលអាស្រ័យលើកម្រិតនៃបទល្មើស និងការខូចខាត។

ជាការពិតណាស់ ច្បាប់នេះគឺការសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ ថា៖ “ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះគឺជាការបោះជំហានថ្មីមួយទៀតនៅក្នុងប្រតិបត្តិការរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំង Online Scams ដោយមានគោលដៅសំខាន់ចំនួនពីរ៖ ទី១) លើកកម្ពស់ប្រសិទ្ធិភាពនៃការប្រឆាំង Online Scams ដោយរួមទាំងការគាំទ្រទៅដល់ប្រតិបត្តិការនៃការបោសសម្អាតដែលកំពុងអនុវត្តក្នុងទ្រង់ទ្រាយជាយុទ្ធនាការទូទាំងប្រទេស។ ទី២) ធានាថាដើម្បីរួមចំណែកក្នុងការធ្វើឱ្យច្បាស់លាស់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងទ្រង់ទ្រាយបែបនេះនឹងមិនវិលត្រឡប់មកកម្ពុជាវិញទេ”។

គួរបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scams គឺជាឧក្រិដ្ឋកម្មដែលមានខ្សែបណ្តាញ មានការចាត់តាំង មានរចនាសម្ព័ន្ធច្បាស់លាស់ ដោយប្រើប្រាស់បណ្តាញអ៊ីនធឺណិត និងបច្ចេកវិទ្យា ដើម្បីលួចយកប្រាក់ លួចយកព័ត៌មានផ្ទាល់ខ្លួន (លេខសម្ងាត់ លេខគណនីធនាគារ) ឬទិន្នន័យសំខាន់ៗពីជនរងគ្រោះ។
ជាមួយគ្នានេះ ក្រុមនេះមានមេក្រុមចាំត្រួតពិនិត្យបុគ្គលិកឱ្យធ្វើសកម្មភាពឆបោក និងកត់ត្រាបញ្ជីទិន្នន័យជនរងគ្រោះដោយមានលក្ខណៈជាប្រព័ន្ធ ដើម្បីប្រើប្រាស់ព័ត៌មានទាំងអស់នេះគាំទ្រប្រតិបត្តិការឆបោករបស់ពួកគេ ហើយពួកគេក៏បានប្រើរូបភាពបោកប្រាស់ឱ្យវិនិយោគលើរូបិយប័ណ្ណឌីជីថលក្លែងក្លាយ ការបោកប្រាស់បង្កើតស្នេហាតាមអនឡាញ និងការបង្កើតកម្មវិធីកម្ចីប្រាក់ខុសច្បាប់តាមអនឡាញដើម្បីល្បួងជនរងគ្រោះស្លូតត្រង់ទាំងក្នុង និងក្រៅប្រទេសឱ្យចូលអន្ទាក់របស់ក្រុមខ្លួន។
ដើម្បីបោសសម្អាត Online Scams នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមោះមុតបំផុត តាមរយៈការដាក់បញ្ជាយ៉ាងតឹងរ៉ឹងបំផុតឱ្យក្រសួង/ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ទាំងអស់ ត្រូវកំទេចកន្លែងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឱ្យអស់ រួមទាំងចំណាត់ការផ្លូវច្បាប់ សម្រាប់អ្នករួមគំនិតផងដែរ។
បន្ថែមពីលើច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រាជរដ្ឋាភិបាលក៏បានចាត់វិធានការជាបន្តបន្ទាប់ដើម្បីបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយទាំងនេះគឺជាកិច្ចការអាទិភាពក្នុងរបៀបវារៈនយោបាយរបស់ខ្លួន។
រាជរដ្ឋាភិបាលក៏បាននិងកំពុងដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចជាបន្តបន្ទាប់លើការងារនេះនៅក្នុងក្របខ័ណ្ឌនៃយុទ្ធនាការបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទូទាំងប្រទេស។ នេះគឺជាសក្ខីភាពមួយនៃការអនុវត្តការប្តេជ្ញាចិត្តខាងនយោបាបាយរបស់រាជរដ្ឋាភិបាល ដែលជាក្តីកង្វល់រួមរបស់កម្ពុជាផង ទាំងក្នុងតំបន់ និងពិភពលោកផងដែរ ហើយក៏ដើម្បីស្តារកិត្តិយសរបស់ជាតិឡើងវិញផងដែរ ជាពិសេសដោយសារមានសត្រូវឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា ដោយបានប្រើប្រាស់រឿងនេះជាលេសដើម្បីឈ្លានពានប្រទេសរបស់យើង។
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. បានឱ្យដឹងថា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានស្រាវជ្រាវ ស៊ើបអង្កេត រកឃើញ និងប្រតិបត្តិការលើទីតាំងប្រព្រឹត្តបទល្មើសចំនួន ៧៥១ទីតាំង និងបានបិទសៀលទីតាំងចំនួន ៦០៥ទីតាំង មិនឱ្យមានសកម្មភាពទៀតឡើយ។
ទន្ទឹមនឹងនេះ សមត្ថកិច្ចបានស្រាវជ្រាវ និងស៊ើបអង្កេតតាមបណ្ដាទីតាំងកាស៊ីណូដែលមានអាជ្ញាបណ្ណសរុបចំនួន ១៩៥ និងបានឈានទៅដកហូតអាជ្ញាបណ្ណចំនួន ២០ និងបានព្យួរអាជ្ញាបណ្ណចំនួន ២៩ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈកាស៊ីណូចំនួន ២៣ បានផុតសុពលភាព និងផ្អាកដំណើរការអាជីវកម្ម។
គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ មកដល់ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានសង្គ្រោះ និងអនុវត្តនីតិវិធីដើម្បីធ្វើមាតុភូមិនិវត្តន៍ជនបរទេស ចំនួន ២១ ៦៦៦នាក់ មកពី ៣៨សញ្ជាតិ ភាគច្រើនជាជនជាតិចិន វៀតណាម ប៉ាគីស្ថាន ឥណ្ឌូនេស៊ី បង់ក្លាដេស និងឥណ្ឌា ។ល។ ក្នុងរយៈពេលដូចគ្នានេះ សមត្ថកិច្ចបានកសាង និងបញ្ជូនសំណុំរឿង ចំនួន ៣៨៨ ករណីទៅតុលាការ និងជនសង្ស័យ ៤ ១៤៧នាក់ រួមមានមេខ្លោង និងគូកន ចំនួន ២៧សញ្ជាតិ ។
ជាមួយនឹងលទ្ធផលដ៏ប្រសើរទាំងនេះ កម្ពុជាក៏មិនបានបន្ថយដៃចំពោះរឿងនេះនោះទេ។ យើងបាននិងកំពុងបន្តយ៉ាងសកម្មនូវការងារដ៏ស្មុគស្មាញនេះ ទោះបីជាក្រុមឧក្រិដ្ឋជនដែលមានរចនាសម្ព័ន្ធនេះបានជ្រើសយកវិធីបំបែកខ្លួនជាក្រុមតូចៗ និងស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ឬកន្លែងណាមួយ ដែលមិនមែនជាលក្ខណៈប្រមូលផ្តុំ ដើម្បីចៀសវាងពីការតាមដាន និងបង្ក្រាបពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាក៏ដោយ។
ស្របពេលជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់បទសម្ភាសន៍ដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយនឹងសារព័ត៌មានធំៗលំដាប់ពិភពលោក រួមមាន Reuters AFP និង Fox News ពាក់ព័ន្ធនឹងការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការកំទេច Online Scams ឱ្យអស់ពីប្រទេស។
“បណ្តាញបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា “សេដ្ឋកិច្ចខ្មៅ” កំពុងបំផ្លាញសេដ្ឋកិច្ចដ៏ស្មោះត្រង់របស់កម្ពុជា”។ នេះជាប្រសាសន៍របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បើទោះជាខ្លីតែបញ្ជាក់ពីការប្តេជ្ញាចិត្តដើម្បីសង្គមសេដ្ឋកិច្ចរបស់ប្រទេស។
គ្មានអ្វីគួរឱ្យសង្ស័យនោះទេ ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ សម្តេចធិបតី តែងតែបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបោសសម្អាត Online Scams ហើយការងារនេះគឺជាអាទិភាពមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ។
ជាការពិតណាស់ ការងារបោសសម្អាត Online Scams នេះ គឺត្រូវការការចូលរួម និងកិច្ចសហប្រតិបត្តិការឆ្លងដែន ពីគ្រប់បណ្តាប្រទេសទាំងអស់។ ដើម្បីជាការបញ្ជាក់ពីការតាំងចិត្តរបស់ខ្លួន កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅរាជធានីភ្នំពេញ ដោយមានបណ្តាប្រទេស និងអង្គការអន្តរជាតិនានាសរុបជាង ៣០ ដែលនឹងត្រូវបានអញ្ជើញមកចូលរួមក្នុងសន្និសីទនេះ។
គួរបញ្ជាក់ថា សន្និសីទដ៏មានសារៈសំខាន់នេះ នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅរកការកាត់ផ្តាច់ខ្សែសង្វាក់ និងបញ្ចប់ការឆបោកតាមអនឡាញ»។
ការរៀបចំសន្និសីទនេះផងដែរ គឺបញ្ជាក់ពីការរួមចំណែកយ៉ាងសកម្មរបស់កម្ពុជាក្នុងការលុបបំបាត់ Online Scams ដែលជាបញ្ហាសកល។
ជាសរុបរួមមកវិញ ប្រតិបត្តិការដែលបាននិងកំពុងបន្តយ៉ាងមុតស្រួច ស្វាហាប់ និងម៉ឺងម៉ាត់បំផុតទាំងនេះ គឺពិតជានឹងសម្រេចបានក្នុងពេលឆាប់ៗខាងមុខ ហើយការបោសសម្អាត Online Scams ចេញឱ្យអស់ពីកម្ពុជា ពិតជានឹងសម្រេចបានលទ្ធផល បើទោះជាវាមានលក្ខណៈស្មុគស្មាញ និងលំបាកយ៉ាងណាក៏ដោយ។
កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលលើកិច្ចការនេះ ត្រូវបានសាទរ និងគាំទ្រ ព្រមទាំងទទួលបានការទុកចិត្តពីសំណាក់ប្រជាពលរដ្ឋទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងទទួលបានការទទួលស្គាល់ពីអន្តរជាតិផងដែរ ព្រោះភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ការរក្សាកេរ្តិ៍ឈ្មោះ និងកិត្តិយសជាតិ ព្រមទាំងការកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន គឺជាកិច្ចការអាទិភាព និងជាទិសដៅរបស់ថ្នាក់ដឹកនាំរបស់យើង៕
ដោយ AKP





