អ្នកការទូតកំពូលចិនជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសឈីលី
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសឈីលី លោក ហ្វ្រាន់ស៊ីស្កូ ប៉េរ៉េហ្ស ម៉ាកកេនណា (Francisco Perez Mackenna) កាលពីថ្ងៃពុធ នៅទីក្រុងប៉េកាំង។
លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បាននិយាយថា ប្រទេសចិននិងឈីលី មានមិត្តភាពដ៏យូរអង្វែង ហើយជាមិត្តល្អ និងជាដៃគូល្អ។
ដោយកត់សម្គាល់ថា ឆ្នាំនេះគឺជាខួបលើកទី១០ នៃភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសចិន និងឈីលី លោក វ៉ាង បាននិយាយថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយរដ្ឋាភិបាលឈីលីថ្មី ដើម្បីបន្តមិត្តភាពប្រពៃណី ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងនាំទំនាក់ទំនងចិន-ឈីលី ទៅកាន់កម្រិតថ្មីមួយ។
លោក វ៉ាង បាននិយាយថា ប្រទេសចិន និងឈីលី គួរតែរក្សាការផ្លាស់ប្តូរនៅគ្រប់កម្រិត ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកកម្រិតកំពូល និងបន្តគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរៀងៗខ្លួន។
លោក វ៉ាង ក៏បានអំពាវនាវឱ្យភាគីទាំងពីរបង្កើនការទំនាក់ទំនង និងការសម្របសម្រួល តស៊ូមតិ និងអនុវត្តន៍ពហុភាគីនិយមពិតប្រាកដ និងជំរុញការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។
លោក ហ្វ្រាន់ស៊ីស្កូ ប៉េរ៉េហ្ស ម៉ាកកេនណា បាននិយាយថារដ្ឋាភិបាលឈីលីថ្មីប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ ហើយមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសចិនដើម្បីបង្កើនការផ្លាស់ប្តូរកម្រិតកំពូល បង្កើតចំណងមិត្តភាពរវាងប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធពង្រឹងការតម្រឹមខ្សែសង្វាក់ឧស្សាហកម្ម និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា រួមទាំងការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត និងការបណ្តុះបណ្តាលបុគ្គលិក៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





