លោក ស៊ី អបអរសាទរលោក ហ៊ីជីឡេម៉ា ដែលជាប់ឆ្នោតឡើងវិញជាប្រធានាធិបតីហ្សំប៊ី
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ -- ប្រធានាធិបតីចិន លោក ស៊ីជីនពីង (Xi Jinping) កាលពីថ្ងៃព្រហស្បតិ៍ បានអបអរសាទរ លោក ហាកាអ៊ីនដេ ហ៊ីជីឡេម៉ា (Hakainde Hichilema) ចំពោះការបោះឆ្នោតជ្រើសរើសឡើងវិញរបស់លោកជាប្រធានាធិបតីនៃប្រទេសហ្សំប៊ី។
នៅក្នុងសាររបស់លោក លោក ស៊ី បាននិយាយថា ពួកគេបានជួបគ្នាពីរដងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានរួមគ្នាដឹកនាំការអភិវឌ្ឍទំនាក់ទំនងចិន-ហ្សំប៊ី។
លោកបានមានប្រសាសន៍ថា ទំនុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយរវាងប្រទេសទាំងពីរបានបន្តកាន់តែស៊ីជម្រៅ កិច្ចសហប្រតិបត្តិការជាក់ស្តែងទទួលបានផ្លែផ្កា ហើយប្រទេសចិន និងហ្សំប៊ីបានសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធក្នុងកិច្ចការពហុភាគី។
លោក ស៊ី បាននិយាយថា លោកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-ហ្សំប៊ី ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយលោក ហ៊ីជីឡេម៉ា ដើម្បីអនុវត្តន៍លទ្ធផលនៃកិច្ចប្រជុំកំពូលទីក្រុងប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក។
លោកក៏បានសន្យាថានឹងចូលរួមជាមួយមេដឹកនាំហ្សំប៊ីក្នុងការបន្តមិត្តភាពប្រពៃណី ពង្រឹងការគាំទ្រគ្នា និងលើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាបន្តបន្ទាប់ រក្សាភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសចិន-ហ្សំប៊ី និងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





