អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ទោះជាមានឧបសគ្គធំៗចំពោះមុខ ក៏រាជរដ្ឋាភិបាល នីតិកាលទី៧ នៅតែធ្វើដំណើរឆ្ពាះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដដែល
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ -- ចំខួប៣ឆ្នាំនៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងពីសមិទ្ធផល៣ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧ ដោយបានគូសបញ្ជាក់ថា ទោះជាមានឧបសគ្គធំៗចំពោះមុខក៏ដោយ ក៏ដំណើរឆ្ពាះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺនៅតែបន្តដដែល។

ក្នុងវេទិកាសារព័ត៌មានលើកទី៩ ស្តីពីខួប៣ឆ្នាំនៃរាជរដ្ឋាភិបាល នីតិកាលទី៧ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលមានប្រ សាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ ពិតជាបានជួបឧបសគ្គចំពោះមុខដ៏ធំមួយនោះគឺការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។

ស្ថិតនៅចំពោះមុខនៃភាពការណ៍នេះថ្នាក់ដឹកនាំរបស់យើង ជាពិសេសសម្តេចតេជោ និងសម្តេចធិបតីបានឆ្លើយតបយ៉ាងលឿនរហ័ស និងដោយត្រឹមត្រូវចំពោះការឈ្លានពាននៅតាមខ្សែបន្ទាត់ព្រំដែនដោយ៖ ទី១. រាជរដ្ឋាភិបាលបានចាត់វិធានការឆ្លើយ តបខាងផ្នែកយោធាដើម្បីការពារខ្លួន ការពារបូរណភាពទឹកដី ប្រឆាំងការឈ្លានពាន ពោលគឺប្រើសិទ្ធិក្នុងការការពារខ្លួនប៉ុណ្ណោះ។

ទី២. ប្រែក្លាយជម្លោះប្រដាប់អាវុធឱ្យទៅជាដំណោះ ស្រាយតាមការទូតឆាប់រហ័ស តាមរយៈការងារការទូតសកម្ម រហ័សរហួន ដោយមានការឆ្លើយតបយ៉ាងលឿនពីសហគមន៍អន្តរជាតិ និងបណ្តាប្រទេសជាមិត្តដែលស្នេហាសន្តិភាព រួមមាន សហរដ្ឋអាមេរិក សាធារណរដ្ឋប្រ ជាមានិតចិន និងប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានប្តូរវេន ដែលធ្វើឱ្យសម្រចបាននូវបទឈប់បាញ់ចំនួនពីរលើក។

ទី៣. ការដោះស្រាយបញ្ហាជនភៀសសឹក ត្រូវបានរាជរដ្ឋាភិបាលធ្វើឡើងយ៉ាងឆាប់រហ័ស និងប្រកប ដោយប្រសិទ្ធភាព ដោយក្នុងចំណោមជនភៀសសឹកជាង ៦៤ម៉ឺននាក់កាលពីដំបូង រហូតមកដល់ពេលបច្ចុប្បន្នមានជនភៀសសឹកជិត ២ម៉ឺននាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន ដោយពួកគាត់នៅតែទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋា ភិបាល តាមរយៈការផ្តល់ជម្រកបណ្តោះអាសន្នយ៉ាងសមរម្យនៅក្នុងភូមិរង់ចាំ ទម្រាំពួកគាត់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបាន។

ទី៤. ការប្រកាន់ជំហរបែបការទូតចាស់ទុំ ត្រឹមត្រូវ និងស្របតាមជំហររបស់សហគមន៍អន្តរជាតិទាំងស្រុងនោះគឺ ជំហរដោះ ស្រាយដោយសន្តិវិធីតាមរយៈការចរចា និងការទូត ដោយប្រើប្រាស់នូវយន្តការ និងកិច្ចព្រមព្រៀងដែលមានស្រាប់ និងដោយផ្អែកទៅលើច្បាប់អន្តរជាតិ និងទី៥. កម្លាំងមហាសាមគ្គីជាតិខ្មែរនៅតែរឹងមាំ ពោលគឺពលរដ្ឋខ្មែរនៅគ្រប់ទិសទី និងគ្រប់មជ្ឈដ្ឋាននៅតែស្រាក់ដៃគ្នាយ៉ាងរឹងមាំដើម្បីការពារគុណតម្លៃនៃសន្តិភាព ការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារពលរដ្ឋភៀសសឹកដែលរង គ្រោះដោយសារការឈ្លានពាន បើទោះបីជាសង្គ្រាមចិត្តសាស្ត្រពីសំណាក់ភាគីថៃបានប្រើប្រាស់យ៉ាងខ្លាំងក្លា ដើម្បីបំបែកបំបាក់ខ្មែរយ៉ាងណាក៏ដោយ ហើយបើទោះបីជាមានខ្មែរមួយចំនួនតូច ដែលស្ថិតនៅក្នុងក្រុមជ្រុលនិយមនៅក្រៅប្រទេសព្យាយាមបម្រើសង្គ្រាមចិត្តសាស្ត្ររបស់គេ ដើម្បីបំបែកបំបាក់ខ្មែរគ្នាឯងយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចបំបែកបំបាក់មហាសាមគ្គីភាពនេះបានដែរ។

នេះជាចំណុចសំខាន់ និងគួរឱ្យកត់សម្គាល់ខ្លាំងណាស់ ពីព្រោះយើងមានខឿនការពារជាតិរបស់ប្រជា ជនយ៉ាងរឹងមាំដែលឈរនៅពីខាង ក្រោយរាជរដ្ឋាភិបាល និងឈរនៅពីខាងក្រោយវីរយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង រួមនឹងកម្លាំងនយោបាយការទូតដ៏សកម្ម និងឥតឈប់ឈររបស់រាជរដ្ឋាភិបាលបង្កើតបានជាចលករដ៏ខ្លាំងក្លាមួយដែល បាន និងកំពុងជម្រុញឱ្យមានដំណោះស្រាយបញ្ហាព្រំដែន និង បញ្ហាជនភៀសសឹកឱ្យបានឆាប់រហ័ស៕
ដោយ៖ ចាន់ សុភឿន





