ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ៖ មានព្រឹត្តិការណ៍ មានឧបសគ្គ និងមានវិញ្ញាសាច្រើនណាស់ ដែលបានចូលមកសាកល្បងគោលនយោបាយការបរទេសរបស់កម្ពុជាក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ -- ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងបញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំនៃរាជរដ្ឋាភិបាល នីតិកាលទី៧ គឺមានច្រើនណាស់ព្រឹត្តិការណ៍ មានច្រើនណាស់ឧបសគ្គ និងមានច្រើនណាស់វិញ្ញាសា ដែលចូលមកសាកល្បងគោលនយោបាយការបរទេសរបស់កម្ពុជា ក្នុងនោះរួមមាន សង្គ្រាមអ៊ុយក្រែននៅតែបន្ត សង្គ្រាមនៅមជ្ឈិមបូពា ការប្រកួតប្រជែងរវាងមហាអំណាចដែលមានលក្ខណៈកាន់តែស្រួចស្រាវ សណ្តាប់ធ្នាប់ពិភពលោកកាន់តែបែកខ្ញែក។ល។ និង។ល។ ហើយចុងក្រោយនេះគឺជម្លោះព្រំដែនជាមួយថៃតាមរយៈ សង្គ្រាមចំនួនពីរលើក គឺបានចូលមកសាកល្បងសមត្ថភាពយោធា និងការទូតរបស់រាជរដ្ឋាភិបាល
កម្ពុជាយ៉ាងពិតប្រាកដ។ ការលើកឡើងរបស់ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ យ៉ាងដូច្នេះ ក្នុងវេទិកាសារព័ត៌មានស្តីពីខួប៣ឆ្នាំនៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានថ្លែងថា នៅចំពោះមុខ ឬនៅចំកណ្តាលនៃបញ្ហាទាំងអស់នេះម្នាក់ៗច្បាស់ជាចង់ដឹងថាតើនយោបាយការបរទេសរបស់កម្ពុជាក្រោមការដឹកនាំផ្ទាល់របស់សម្តចធិបតី ហ៊ុន ម៉ាណែត កំពុងដើរឆ្ពោះទៅកាន់ទិសមួយណា ហើយនៅពេលដែលត្រូវរំខាន និងរារាំងដោយវិបត្តិតំបន់ និងអន្តរជាតិ ព្រមទាំងវិបត្តិជាមួយថៃ តើកម្ពុជារក្សាទិសដៅការបរទេសបានដែរឬទេ? បើតាមឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ តាំងពីដំបូងមក គឺរាប់ចាប់តាំងពីថ្ងៃទី២២ សីហា ២០២៣មក ដែលជាថ្ងៃត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញជាគោលការណ៍ថាត្រូវពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី ដោយការទូតពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មីនេះគឺជានិរន្តរភាព និងជាសង្គតិភាព នៃនយោបាយការបរទេសកម្ពុជាជាយូរអង្វែងណាស់មកហើយ ហើយបើនិយាយបែបផ្សេងវាជាគោលការណ៍នៃនយោបាយការបរទេសរបស់កម្ពុជា ដែលផ្តួចផ្តើមជាយូរណាស់មកហើយដោយព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងក្រោយមកទៀតគឺសម្តេចតេជោ ហ៊ុន សែន រហូតមកដល់ថ្ងៃទី២៣ សីហា ២០២៣ បានកែលម្អ និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនជាទីបំផុត ដោយគិតមកទល់ពេលនេះមានរយៈពេល៣ឆ្នាំគត់ ដែលការទូតពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី គឺជាអ្វីដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបន្តអនុវត្តដោយឥតងាករេ ដ្បិតវាជាគន្លងនៃនយោបាយការបរទេសសំខាន់ជាងគេមួយ ដែលអនុម័ត និងតម្រូវឱ្យអនុវត្តដោយគណបក្សប្រជាជនកម្ពុជា ហើយចំពោះការពង្រឹងភាពជាដៃគូរបស់កម្ពុជាជាមួយបណ្តាប្រទេសផ្សេងៗ និងអង្គការអន្តរជាតិនានា គឺជាអ្វី ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បាន និងកំពុងបន្តធ្វើអស់រយៈពេល៣ឆ្នាំកន្លងមកហើយ ក្នុងនោះគោលដៅចុងក្រោយបង្អស់នៃនយោបាយការបរទេសគឺពង្រឹងឯករាជ្យភាព និងតុល្យភាព នៃគោលនយោបាយការបរទេសរបស់កម្ពុជា ពង្រីកលម្ហយុទ្ធសាស្ត្ររបស់កម្ពុជា និងលើកកម្ពស់តួនាទីរបស់
កម្ពុជានៅក្នុងសហគមន៍អន្តរជាតិ និងនៅលើឆាកអន្តរជាតិ ដែលនេះគឺជាការចាំបាច់បំផុតក្នុងកាលៈទេសៈ ពិភពលោកមួយមិនជាក់លាក់ ក្នុងស្ថានភាពតំបន់មួយដែលផុយស្រួយនៅក្នុងបរិបទមួយនៃទំនាក់ទំនងមិនល្អទាល់តែសោះរវាងកម្ពុជា និងថៃ។

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានបន្តថា ក្នុងរយៈពេល៣ឆ្នាំរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្រៅពីការទូតនយោបាយ សម្តេចក៏បានយកចិត្តទុកដាក់ជាខ្លាំងទៅលើការទូតសេដ្ឋកិច្ច ដើម្បីស្វែងរកប្រយោជន៍ខាងសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់មធ្យោបាយការទូត ដោយការទូតសេដ្ឋកិច្ចតាមស្មារតីសម្តចធិបតីតាំងពីខែសីហា ឆ្នាំ២០២៣មកម៉្លេះដាច់ខាតត្រូវតែជម្រុញកំណើនសេដ្ឋកិច្ចឱ្យបានខ្ពស់ និងរក្សាកំណើនដែលបានខ្ពស់ហើយនោះឱ្យមាននិរន្តរភាពយូរឆ្នាំទៅមុខ។ បើតាមឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ ការទូតសេដ្ឋកិច្ចរបស់កម្ពុជាមានមុខព្រួញ៣សំខាន់ៗគឺ ទី១. ជម្រុញពាណិជ្ជកម្មអន្តរជាតិ (បង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងពិភពលោក) ទី២. ទាក់ទាញការវិនិយោគពីបរទេស និងទី៣. លើកកម្ពស់វិស័យទេសចរណ៍។ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ ថា កម្ពុជាស្វាគមន៍ទាំងអស់ចំពោះក្រុមហ៊ុន និងវិនិយោគិនមកពីគ្រប់ទិសទីដោយមិនរើសអើងឡើយ ព្រោះ កម្ពុជាយល់ថាទំនាក់ទំនងអន្តរជាតិ លុយនៅតែជាលុយ ប្រយោជន៍នៅតែជាប្រយោជន៍ ហើយប្រយោជន៍របស់កម្ពុជាគឺបន្តអភិវឌ្ឍន៍ប្រទេស៕

ដោយ៖ ចាន់ សុភឿន





