គណៈប្រតិភូកងទ័ពជើងទឹកចក្រភពអង់គ្លេសចូលជួបសម្តែងការគួសម ឯកឧត្តម អភិបាលខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦--នៅព្រឹកថ្ងៃសុក្រទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុបានទទួលជួបសម្តែងការគួសមជាមួយគណៈប្រតិភូនាវាកងទ័ពជើងទឹកចក្រភពអង់គ្លេសដឹកនាំដោយលោកវរនាវីទោ TOM LINDSEY មេបញ្ជាការនាវា HMS TAMAR នៃកងទ័ពជើងទឹកចក្រភពអង់គ្លេសបាននាំនាវាចូលចត បំពេញទស្សកិច្ច រឹតចំណង សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានជំរាបជូនពីភូមិសាស្ត្រ និងវិទ្យាសាស្ត្ររបស់ខេត្តជូនគណ:ប្រតិភូមេបញ្ជាការនាវាដែលបានមកដល់ខេត្តព្រះសីហនុ ជាទឹកដីតំបន់ឆ្នេរ ខេត្តព្រះសីហនុ មានកោះតូចធំចំនួន៣២ សម្បូរព្រៃធម្មជាតិ និងជីវចម្រុះបាតសមុទ្រ មានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ ជាធនធានក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ទេសចរណ៍ ដោយភាពស្រស់ស្អាតត្រូវបានប្រសិទ្ធនាមថា "ជាតារារះ នាទិសនារតី" ខេត្តព្រះសីហនុ ជាខេត្តតំបន់ស្នូលនៃតំបន់ឆ្នេរកម្ពុជា មានដូចជា ខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប ត្រូវបានដាក់បញ្ជូលជាសមាជិកឆ្នេរស្អាតជាងគេលើសកលលោកនៅប្រទេសហ្សេណេកាល់កាលពីឆ្នាំ២០១១។

ខេត្តព្រះសីហនុ មានផ្លូវគមនាគមន៍ដូចជា ផ្លូវទឹក គោក និងអាកាស ខេត្តមានកំពង់ផែទឹកជ្រៅ រាជរដ្ឋាភិបាលបាននឹងកំពុងអភិវឌ្ឍកំពង់ផែឱ្យមានជំរៅទឹករហូតដល់ ១៧,៥០ម៉ែត្រ ដូច្នេះនាវាដែលធ្វើចរាចរណ៍នៅលើពិភពលោកអាចចូលចតបាន រួមទាំងព្រែកជីកហ្វូណនតេជោ ជួយសម្រួលក្នុងការដឹកជញ្ជូនតាមផ្លូវទឹកកាន់តែមានភាពងាយស្រួលនៅពេលខាងមុខ។ ផ្លូវគោកមានផ្លូវជាតិលេខ៣ លេខ៤ ផ្លូវ ល្បឿនលឿន និងផ្លូវដែក ផ្លូវអាកាស ព្រលានយន្ត ហោះអន្តរជាតិ មានផ្លូវរត់ប្រវែង ៣ ៣០០ម៉ែត្រ ។
ទិសដៅរាជរដ្ឋាភិបាល អភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ដោយចែកជា ៤ហ្សូនគឺ ១.តំបន់ដឹកជញ្ជូន និងឧស្សាហកម្ម។២.ទីក្រុងសមាហរណ្មកម្ម ពាណិជ្ជកម្ម ទីក្រុងហិរញ្ញវត្ថុរ មជ្ឍមណ្ឌលពាណិជ្ជកម្មអន្តរជាតិ វាងក្រុងព្រះសីហនុ និងក្រុងកំពង់ សោម។ ៣.តំបន់កោះ ជាតំបន់ទេសចរណ៍ធម្មជាតិនិង៤.តំបន់កសិឧស្សាហកម្ម និងវារីវប្បកម្ម ។
ឯកឧត្តម អភិបាលខេត្ត ក៏បានជំរាបជូនថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានដាក់ចេញកម្មវិធីពិសេសជំរុញការវិនិ យោគនៅខេត្តព្រះសីហនុកាលពីឆ្នាំ២០២៤ ក្នុងគោលបំណង២ ក្នុងនោះ៖១.សម្របសម្រួលនីតិវិធី លើឯកសារស្នើសុំវិនិ យោគ, ២.សម្រួលលើកលែងផ្នែកពាក់ព័ន្ធពី៣ ទៅ៥ឆ្នាំ ។

ឯកឧត្តម អភិបាលខេត្តបានអបអរសាទរខួបទី៧៣ឆ្នាំនៃចំណងកាទូតរវាងកម្ពុជា និងអង់គ្លេស ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៣ ។ អង់គ្លេសជាដៃគូរពាណិជ្ជកម្មទី១០ របស់កម្ពុជា ព្រមទាំងបានថ្លែងអំណគុណអង់គ្លេសបានជួយកម្ពុជា ដល់វិស័យបោសសំអាតមីន ពាណិជ្ជកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម កម្ពុជាចង់បានសន្តិភាពនៅក្នុងផ្ទៃប្រទេស ក៏ដូចជាសន្តិភាព នៅតាមព្រំដែន ដូច្នេះរាជរដ្ឋាភិបាល បានដាក់ចេញ នូវយុទ្ធសាស្ត្រព្រំដែនសន្តិភាព ព្រំដែនមិត្តភាព ព្រំដែនមានកិច្ចសហប្រតិបត្តិការ និងព្រំដែនមានការអភិវឌ្ឍន៍។
លោកវរនាវីទោ TOM LINDSEY មេបញ្ជាការនាវា HMS TAMAR នៃកងទ័ពជើងទឹកចក្រភពអង់គ្លេស បានថ្លែងអំណគុណចំពោះឯកឧត្ដម អភិបាលខេត្ត ដែលបានចូលរួមកម្មវិធីនៅលើនាវាកាលពីថ្ងៃទី ២០ម្សិលមិញ លោកមានមោទនៈភាពដែលបានដឹក នាំនាវា HMS TAMAR មកកាន់កម្ពុជា ជាពិសេស មកចតនៅខេត្តព្រះសីហនុ ព្រមទាំងអគុណការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ ក៏ដូចជាការអភិវឌ្ឍរបស់កម្ពុជាទាំងមូល ក្នុងនាមរូប លោកជាមេបញ្ជាការនាវា ដែលបានមកបំពេញការ ងារសន្តិសុខលម្ហសមុទ្រ ព្រមទាំងបានធ្វើកិច្ចសហ ប្រតិបត្តិការជាមួយកងនាវាកម្ពុជា។ ចំពោះហេតុផល ដែលនាវារបស់លោកមក ដល់តំបន់នេះ ក្នុងកិច្ចការ ពារសន្តិសុខ សេរីភាពនៃការធ្វើដំណើ និងការធ្វើជំនួញតាមផ្លូវទឹក យើងគាំទ្រកាដោះស្រាយទំនាស់នៅតាមព្រំដែន ដោយសន្តិវិធីល្អជាងការដោះស្រាយដោយប្រើប្រាស់កម្លាំង ហើយថ្ងៃនេះយើង ពិតជាមោទនភាពដែលរូបលោក និងនាវិកបានធ្វើការ ងារជាមួយនាវិកកម្ពុជា ក៏ដូចជាមួយអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ក្នុងឱកាសនិយាយគ្នាក្នុងការទូត និងការអភិវឌ្ឍដែនសមុទ្ររួមគ្នា។

ជាការឆ្លើយតប ឯកឧត្តម អភិបាលខេត្ត ក៏បានជូនពរឱ្យគណប្រតិភូនាវាកងទ័ពជើងទឹកចក្រភពអង់គ្លេស ផ្តិតយករូបភាពអនុស្សាវរីយ៍ល្អៗរបស់កម្ពុជា និងសូមជូនពរឱ្យដំណើទស្សនានៅក្នុងព្រះរាជាណាចក្រកម្ពុជាទទួលបានសុខសុវត្ថិភាពគ្រប់ៗគ្នា៕
ដោយ ងូ សុមុនី





