សុខភាព និងការស្តារលទ្ធភាពពលកម្មចំពោះស្ត្រី និងកុមារដែលមានពិការភាព ជាប្រធានបទនៅក្នុងសិក្ខាសាលាមួយ
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកមូលនិធិជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះបានចូលរួមក្នុងកម្មវិធីស្តីពីសុខភាព និងការស្តារលទ្ធភាពពលកម្មចំពោះស្ត្រី និងកុមារដែលមានពិការភាព។ពិធីនេះមានការចូលរួមពីលោក Rajib DAKUA (រ៉ាជីប ដាគូ) ប្រធានប្រចាំប្រទេស នៃអង្គការ Handicap International (HI), លោកស្រី Jane-jira Polsen (ជែនជីរ៉ា ប៉ុលសេន) ប្រធានជាន់ខ្ពស់ផ្នែកសុខុមាលភាព នៃក្រុមហ៊ុន DKSH, មន្រ្តីនៃអង្គការ Handicap International (HI)អ្នកស្ម័គ្រចិត្តក្រុមហ៊ុន DKSH មន្រ្តីនៃមជ្ឈមណ្ឌលស្តារគៀនឃ្លាំង ព្រមទាំងជនមានពិការភាពជាច្រើន ជាអ្នកទទួលផលក្នុងគម្រោងកម្មវិធីនេះ។

កម្មវិធីនេះនឹងចាប់ផ្តើមយុទ្ធនាការរយៈពេល៤សប្តាហ៍ ដែលផ្តល់ជូនការពិនិត្យវាយតម្លៃ ដោយឥតគិតថ្លៃសម្រាប់ស្ត្រី និងកុមារដែលមានពិការភាព ចាប់ពីថ្ងៃទី២១ ខែសីហា ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ខេត្តកំពង់ចាម ដោយផ្តោតលើការផ្តល់អំណាចដល់ស្ត្រីនិងកុមារដែលមានពិការភាពតាមរយៈការយល់ដឹងអំពីសុខភាពដ៏ទូលំទូលាយ ការសម្របសម្រូលការស្តារលទ្ធភាពពលកម្មនិងបច្ចេកវិទ្យាជំនួយ ដែលត្រូវបានរៀបចំឡើងតាមតម្រូវការរបស់ជនមានពិការភាពម្នាក់ៗ ។

ឯកឧត្តម ខុម ផលលឿន បានថ្លែងអំណរគុណដល់អង្គការ (HI) និងក្រុមហ៊ុន DKSH ដែលបានសហការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ ដែលបានជួយឱ្យអ្នកចូលរួមអាចរៀនសូត្របន្ថែមដោយផ្ទាល់ពីអ្នកឯកទេសស្តារលទ្ធភាពពលកម្ម អាចភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្ដិដែលអាចជួយគាំទ្រ និងស្វែងរកដំណោះស្រាយជាក់ស្តែងដើម្បីគាំទ្រសុខភាព និងការទទួលបានឧបករណ៍គ្រឿងជំនួយផ្សេងៗសម្រាប់បម្លាស់ទីរយៈពេលវែង ៕


ដោយ ណយ នឿន (ប្រភព៖ក្រសួងសង្គមកិច្ច)





