គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន នាំយកអំណោយសួរសុខទុក្ខអតីតមន្ត្រីរាជការក្រសួងព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦-- លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក វិស័យព័ត៌មាន) នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូននិវត្តជនអតីតមន្ត្រីរាជការក្រសួងព័ត៌មានចំនួន៣រូប គឺលោក ចាន់ សម្បត្តិ អតីតមន្ត្រីរាជការនៅអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) លោកស្រី អ៊ុក សារ៉ាន អតីតមន្ត្រីរាជការនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា (RNK) និងលោក សក្តិ ស៊ីថន អតីតមន្ត្រីរាជការនៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (TVK)។

ការចុះសួរសុខទុក្ខនេះមានការអមដំណើរដោយលោកជំទាវ សន ម៉ារ៉ាដា រដ្ឋលេខាធិការ និងលោកជំទាវ ទេស ផល្លីន អគ្គលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក វិស័យព័ត៌មាន ព្រមទាំងសមាជិក សមាជិកាមួយចំនួនទៀត។

ក្នុងឱកាសនោះ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម នេត្រ ភក្ត្រា ដែលតែងតែនឹករលឹក និងដឹងគុណចំពោះការខិតខំបំពេញភារកិច្ចបម្រើជាតិ និងការចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នាពេលកន្លងមក។

ជាមួយគ្នានេះ ក្រុមការងារបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាប្រគល់ជូននិវត្តជនទាំង៣រូប ព្រមទាំងបានជូនដំណឹងពីការចុះឈ្មោះជាសមាជិកសមាគមនិវត្តជន ដើម្បីបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធ និងទទួលបានការយកចិត្តទុកដាក់បន្ថែមទៀត៕

ដោយ ទូច វលក័្ខណ (រូបភាព៖ ឡុង ដេវីត)





