រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ កម្ពុជាកំពុងជំរុញការផ្សព្វផ្សាយការទេសចរណ៍តាមរយៈវិស័យភាពយន្ត
AKP សៀមរាប ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦-- ក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាស្តីពី “ការជំរុញទេសចរណ៍តាមរយៈវិស័យភាពយន្ត” ក្នុងគោលបំណងលើកកម្ពស់ការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជាទៅកាន់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ លើកកម្ពស់ការយល់ដឹង និងទីផ្សារទេសចរណ៍បែបទំនើប៖ បង្ហាញពីសក្តានុពល នៃការប្រើប្រាស់ភាពយន្ត ជាឧបករណ៍ផ្សព្វផ្សាយទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាទីតាំងថតពិតប្រាកដនៅកម្ពុជា។ បង្កើតផលិតផលទេសចរណ៍ថ្មី៖ ជំរុញឱ្យមានការបង្កើត «កញ្ចប់ទស្សនាទេសចរណ៍ភាពយន្ត” ដោយភ្ជាប់តំបន់ប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិនៅតាមបណ្តាខេត្តនានា។កម្មវិធីនេះបានប្រមូលផ្តុំអ្នកជំនាញមន្ត្រីរាជការតំណាងវិស័យឯកជន និងអ្នកពាក់ព័ន្ធក្នុងវិស័យភាពយន្ត និងទេសចរណ៍ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពិភាក្សាអំពីឱកាសថ្មីៗក្នុងការអភិវឌ្ឍវិស័យទាំងពីរ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ភាពយន្តគឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ព្រោះការបង្ហាញទេសភាព វប្បធម៌ ប្រវត្តិសាស្ត្រ និងជីវភាពរស់នៅរបស់ប្រជាជនក្នុងខ្សែភាពយន្ត អាចទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនឱ្យចង់មកទស្សនាទីកន្លែងពិត។ជាមួយគ្នានេះ អង្គសិក្ខាសាលាក៏បានបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងវិស័យទេសចរណ៍ និងវិស័យភាពយន្ត ដើម្បីបង្កើតផលិតកម្មដែលមានគុណភាពខ្ពស់អភិរក្សអត្តសញ្ញាណវប្បធម៌ជាតិនិងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា វិស័យទេសចរណ៍គឺជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមិនត្រឹមតែផ្តល់នូវចំណូលប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនផងដែរ។ ដោយសារតែវិស័យទេសចរណ៍មានសារៈសំខាន់ ការពឹងផ្អែកទៅលើតែធនធានវប្បធម៌ និងប្រវត្តិសាស្ត្រដែលមានស្រាប់ ដូចជាប្រាសាទបុរាណតែមួយមុខ គឺមិនទាន់គ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែង ក្នុងតំបន់អាស៊ីអាគ្នេយ៍នោះទេ។ ភ្ញៀវទេសចរបច្ចុប្បន្នមិនត្រឹមតែស្វែងរកកន្លែងសម្រាប់ទស្សនាកម្សាន្ត ប៉ុណ្ណោះទេ ប៉ុន្តែពួកគេស្វែងរក «បទពិសោធន៍» និង «សាច់រឿង» ដែលផ្សារភ្ជាប់ទៅនឹងអារម្មណ៍របស់ពួកគេ។

ក្នុងន័យនេះ ទេសចរណ៍ភាពយន្ត (Film Tourism) បានលេចត្រដែតឡើងជាឧបករណ៍ទីផ្សារដ៏មានឥទ្ធិពលបំផុតមួយ ដែលអាចប្រែក្លាយរូបភាពនៅលើកញ្ចក់ទូរទស្សន៍ ឬអេក្រង់ភាពយន្ត ឱ្យទៅជាកម្លាំងចលករ ជំរុញឱ្យមនុស្សចង់មកទទួលបទពិសោធផ្ទាល់នូវទីតាំងជាក់ស្តែង។ សម្រាប់កម្ពុជា បទពិសោធប្រវត្តិសាស្ត្របានបង្ហាញរួចមកហើយថា ភាពយន្តមានអំណាចលើសពីការកម្សាន្ត។ ការថតខ្សែភាពយន្តរឿង "Lara Croft: Tomb Raider" នៅដើមទសវត្សរ៍ឆ្នាំ២០០០ បានផ្លាស់ប្តូរមុខមាត់ប្រាសាទតាព្រហ្ម និងតំបន់អង្គរទាំងមូលនៅលើឆាកអន្តរជាតិជារៀងរហូត។

ឯកឧត្តមរំពឹងថានឹងមានការវិនិយោគកាន់តែច្រើនក្នុងវិស័យភាពយន្ត និងការអភិវឌ្ឍគោលដៅទេសចរណ៍ថ្មីៗ ដែលអាចរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារ និងទាក់ទាញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើននាពេលអនាគត៕
ដោយ ឃុត សៅ





