មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យចុះយុទ្ធនាការចាក់វ៉ាក់សាំងសារទឹកសត្វគោ-ក្របីនៅស្រុកអូរជ្រៅ ដើម្បីការពារទ្រព្យសម្បត្តិ និងជីវភាពប្រជាកសិករ
AKP បន្ទាយមានជ័យ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦--ដើម្បីធានាបាននូវសុខភាពសត្វពាហនៈ និងរួមចំណែកការពារសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឱ្យបានរឹងមាំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បាននិងកំពុងបន្តបើកយុទ្ធនាការយ៉ាងសកម្មក្នុងការចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹក ដល់សត្វគោ-ក្របីរបស់ប្រជាកសិករនារដូវវស្សានេះ ដោយឆ្លើយតបយ៉ាងរហ័ស និងមានប្រសិទ្ធភាពខ្ពស់។

លោក ផាច លីត អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកអូរជ្រៅ បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះថា ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្ត ជាមួយការិយាល័យកសិកម្មស្រុក មន្ត្រីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋាន លោកមេភូមិ និងភ្នាក់ងារសុខភាពសត្វភូមិ ក្រុមការងារជំនាញបានចុះប្រតិបត្តិការផ្ទាល់ដល់ខ្នងផ្ទះប្រជាពលរដ្ឋ។ ជាលទ្ធផល ត្រឹមថ្ងៃទី១៩ ខែសីហា ក្រុមការងារបានចាក់វ៉ាក់សាំងការពារជំងឺសារទឹកដល់សត្វគោបានចំនួន ៤២១ក្បាល នៅក្នុងភូមិបន្ទាយថ្មី និងភូមិយាងដង្គុំ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ ទន្ទឹមនឹងសកម្មភាពចាក់វ៉ាក់សាំង ក្រុមគ្រូពេទ្យសត្វក៏បានធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំយ៉ាងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋជាម្ចាស់សត្វ អំពីវិធីសាស្ត្រថែទាំអនាម័យជង្រុក និងការតាមដានសុខភាពសត្វពាហនៈប្រចាំថ្ងៃនារដូវភ្លៀងធ្លាក់នេះផងដែរ។

លោកអនុប្រធានការិយាល័យក៏បានគូសបញ្ជាក់បន្ថែម និងអំពាវនាវយ៉ាងទទូចដល់បងប្អូនកសិករទាំងអស់ថាប្រសិនបើពិនិត្យឃើញសត្វគោ-ក្របី មានរោគសញ្ញាមិនប្រក្រតី ឬមានបញ្ហាសុខភាពណាមួយ ត្រូវប្រញាប់រាយការណ៍ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ ឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីឱ្យក្រុមគ្រូពេទ្យសត្វអាចចុះអន្តរាគមន៍ និងសង្គ្រោះបានទាន់ពេលវេលា ចៀសវាងការឆ្លងរាលដាលធ្ងន់ធ្ងរនៅក្នុងសហគមន៍។ សម្តែងនូវក្តីរំភើប និងសប្បាយរីករាយចំពោះយុទ្ធនាការនេះ ប្រជាពលរដ្ឋជាម្ចាស់គោនៅក្នុងឃុំអូរបីជាន់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរ និងមន្ត្រីជំនាញកសិកម្មដែលបានយកចិត្តទុកដាក់លើសុខទុក្ខរបស់ពួកគាត់។
កសិករម្នាក់រស់នៅភូមិបន្ទាយថ្មី ដែលទទួលបានការចាក់វ៉ាក់សាំងសត្វគោ បានលើកឡើងដោយទឹកមុខញញឹមថា គោគឺជាទ្រព្យសម្បត្តិយ៉ាងសំខាន់ របស់គ្រួសារខ្ញុំ។ កន្លងមកឱ្យតែដល់រដូវវស្សា ខ្ញុំតែងតែភ័យព្រួយបារម្ភខ្លាចសត្វពាហនៈកើតជំងឺសារទឹក ឬឈឺស្លាប់ ដែលនាំឱ្យខាតបង់ថវិការាប់លានរៀល។ នៅពេលឃើញមន្ត្រីកសិកម្ម និងគ្រូពេទ្យសត្វ ចុះមកចាក់វ៉ាក់សាំងដល់ផ្ទះបែបនេះ ខ្ញុំមានអារម្មណ៍ថាកក់ក្តៅ និងសប្បាយចិត្តជាខ្លាំង ព្រោះបានជួយការពារសត្វគោរបស់ខ្ញុំឱ្យមានសុខភាពល្អ និងការពារសេដ្ឋកិច្ចគ្រួសារខ្ញុំបានមួយកម្រិតធំ។

សកម្មភាពឆ្លើយតបយ៉ាងរហ័ស និងមានស្មារតីទទួលខុសត្រូវខ្ពស់នេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញកសិកម្មខេត្តបន្ទាយមានជ័យ ចំពោះសុខទុក្ខ និងតម្រូវការជាក់ស្តែងរបស់ប្រជាកសិករនៅតាមមូលដ្ឋាន។ ការចុះចាក់វ៉ាក់សាំងការពារជំងឺសត្វនារដូវវស្សានេះ មិនត្រឹមតែជាវិធានការទប់ស្កាត់ជំងឺឆ្លងសត្វដ៏មានឥទ្ធិពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកយ៉ាងសំខាន់ក្នុងការការពារទ្រព្យសម្បត្តិ បង្កើនផលិតភាពផលិតកម្មសត្វ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករឱ្យកាន់តែមានជម្រើសរឹងមាំ និងមានចីរភាពបន្ថែមទៀត៕
ដោយ ឈុន សារ៉ាត





