ក្រុមការងារ ReefSystems បង្កើតប្រព័ន្ធជម្រកថ្មប៉ប្រះទឹកសិប្បនិម្មិត
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦--អង្គការ MCC មានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយ ReefSystems ដែលជាដៃគូសហការគម្រោងថ្មី។ ក្រុមការងារ ReefSystems គឺជាអ្នកបង្កើតប្រព័ន្ធជម្រកថ្មប៉ប្រះទឹកសិប្បនិម្មិតបែបម៉ូឌុល (modular) ដែលជួយបង្កើតទីជម្រក គាំទ្រដល់ជីវចម្រុះសមុទ្រ និងស្តារប្រព័ន្ធអេកូឡូស៊ីបាតសមុទ្រកម្ពុជាឡើងវិញ ជាពិសេសធនធានផល។

មន្រ្តីអង្គការ MCC បានឱ្យដឹងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ថា ពួកយើងកំពុងរៀបចំគម្រោងសាកល្បងបង្ហាញមួយជាមួយសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រជ្រោយស្វាយ ស្ថិតនៅក្នុងខេត្តកោះកុង។ គម្រោងនេះនឹងត្រូវអនុវត្តយ៉ាងជិតស្និទ្ធជាមួយប្រជាសហគមន៍ផ្ទាល់ ដោយរួមបញ្ចូលពួកគាត់ក្នុងការផលិត និងទម្លាក់ប្រព័ន្ធជម្រកថ្មប៉ប្រះទឹកសិប្បនិម្មិតដែលមានឈ្មោះថា MOSES។ លើសពីនេះទៅទៀត ប្រព័ន្ធជម្រកថ្មប៉ប្រះទឹកសិប្បនិម្មិតនេះ ក៏អាចមានឱកាសក្លាយជាកន្លែងសម្រាប់ការធ្វើវារីវប្បកម្មសមុទ្រថែមទៀតផង។

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាពេលថ្មីៗនេះ ក្រុមការងារ ReefSystems បានជួបពិភាក្សាជាមួយសហគមន៍ ជ្រោយស្វាយដើម្បីជជែកអំពីគម្រោងនេះរួចមកហើយ។ បងប្អូនសហគមន៍មានភាពរំភើប រីករាយ និងបានជួយផ្តល់មតិយោបល់លើទម្រង់ជម្រកថ្មប៉ប្រះទឹកសិប្បនិម្មិតដែលសមស្របបំផុតសម្រាប់ដែនទឹករបស់ពួកគាត់។ ស្របពេលជាមួយគ្នានោះដែរ ក្រុមការងារក៏បានធ្វើបទបង្ហាញអំពីផែនការសកម្មភាពនេះជូនដល់ស្ថាប័ន រដ្ឋាភិបាល ពាក់ព័ន្ធផងដែរ៕


ដោយ ណយ នឿន (ប្រភព៖ MCC)





