ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យអនុវត្តប្រកាសថ្មីចំនួន៣ឱ្យបានម៉ឺងម៉ាត់ និងគ្មានការ កែប្រែរហូតដល់ឆ្នាំ២០៣០ ដើម្បីពង្រឹងអភិបាលកិច្ច និងអភិវឌ្ឍន៍ធនធានមនុស្ស
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦--ប្រកាសចំនួន៣ដាច់ដោយឡែកពីគ្នា ប៉ុន្តែមានកម្មវត្ថុដូចគ្នាគឺដើម្បីពង្រឹងអភិបាលកិច្ច និងអភិវឌ្ឍន៍ធនធានមនុស្សត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ដោយឯកឧត្ដមបានណែនាំឱ្យអនុវត្តប្រកាសថ្មីចំនួន៣នេះឱ្យបានម៉ឺងម៉ាត់ និងគ្មានការកែប្រែរហូតដល់ឆ្នាំ២០៣០ ដើម្បីពង្រឹងអភិបាលកិច្ច និងអភិវឌ្ឍន៍ធនធានមនុស្ស។

ប្រកាសទាំង៣នោះរួមមាន៖ ១. ប្រកាសស្តីពីការកំណត់ចំនួនមុខតំណែងរងក្នុងរចនាសម្ព័ន្ធអង្គភាពនគរបាលជាតិ និងពន្ធនាគារក្រសួងមហាផ្ទៃ។ ២. ប្រកាសស្តីពីការកំណត់ចំនួនមុខតំណែងស្នងការរង នាយរងការិយាល័យ អធិការរង មេបញ្ជាការរង នាយរងផ្នែក និងនាយរងប៉ុស្តិ៍នគរបាលចំណុះស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និង៣. ប្រកាសស្តីពីការកំណត់លក្ខខណ្ឌ នីតិវិធីជ្រើសរើស និងការចាត់បញ្ជូនមន្ត្រីរាជការនៃក្រសួងមហាផ្ទៃ និងសិស្ស-និស្សិតនគរបាលបន្តវេនឱ្យចូលសិក្សាវគ្គបណ្តុះបណ្តាលនានាក្នុង និងក្រៅប្រទេស។

ឯកឧត្តមអភិសន្តិបណ្ឌិតបានគូសបញ្ជាក់ថា ការដាក់ចេញប្រកាសទាំង៣នេះ គឺជាជំហានយុទ្ធសាស្ត្រដ៏មានសារសំខាន់បំផុតរបស់ក្រសួងមហាផ្ទៃក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងប្រសិទ្ធភាពការងារស្ថាប័ន ក៏ដូចជាការធ្វើកំណែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងធនធានមនុស្សឱ្យឆ្លើយតបយ៉ាងស៊ីជម្រៅទៅនឹងផែនការយុទ្ធសាស្រ្តស្តីពីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សរយៈពេល៥ឆ្នាំ (២០២៦-២០៣០) ដែលកិច្ចការកំណែទម្រង់ធនធានមនុស្សនេះ ក៏បានស្តែងចេញយ៉ាងប្រាកដនិយម ស្របតាមទស្សនវិស័យដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកមនុស្សជាអាទិភាពទី១ ក្នុងចំណោមអាទិភាពគន្លឹះនានានៃយុទ្ធសាស្ត្របញ្ចកោណ។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ការកសាង និងពង្រឹងសមត្ថភាពវិជ្ជាជីវៈ រួមទាំងការរៀបចំមន្ត្រីបន្តវេនឱ្យមានប្រព័ន្ធច្បាស់លាស់ គឺជាកត្តាគន្លឹះដ៏មានប្រជាប្រិយភាព និងជាគ្រឹះយ៉ាងរឹងមាំក្នុងការលើកកម្ពស់ប្រសិទ្ធភាពបំពេញភារកិច្ចស្នូលនៅតាមគ្រប់រចនាសម្ព័ន្ធអង្គភាពចំណុះក្រសួងមហាផ្ទៃ ហើយថា ការធ្វើបែបនេះ គឺដើម្បីធានាឱ្យបានដាច់ខាតនូវការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសប្រកបដោយចីរភាព និងនិរន្តរភាព។

ជាការកត់សម្គាល់ ប្រមុខក្រសួងមហាផ្ទៃបានផ្តល់អនុសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់បំផុតដល់គ្រប់អង្គភាពពាក់ព័ន្ធ និងមន្ត្រីទាំងអស់ ត្រូវរួមគ្នាអនុវត្តតាមស្មារតីនៃប្រកាសថ្មីទាំង៣នេះឱ្យមានប្រសិទ្ធភាពខ្ពស់រហូតដល់ឆ្នាំ២០៣០ ដោយមិនត្រូវមានការកែប្រែចំណុចណាមួយជាដាច់ខាត ពោលគឺរក្សាគោលការណ៍ដើម និងអនុវត្តឱ្យបានតឹងរ៉ឹង ដើម្បីឆ្លុះបញ្ចាំងពីតម្លៃ គុណភាព និងប្រសិទ្ធភាពពិតប្រាកដនៃការខិតខំប្រឹងប្រែងតាក់តែងលិខិតបទដ្ឋានគតិយុត្តិទាំងនេះឱ្យលេចចេញជាលទ្ធផលជាក់ស្តែងនៅលើទីលានការងារ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





