ឯកឧត្ដម ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរខណ្ឌច្បារអំពៅត្រូវបង្ក្រាបបទល្មើស ONLINE SCAMS និងល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋានខ្លួន
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦--ឯកឧត្ដម ឃួង ស្រេង បានបញ្ជាឱ្យអាជ្ញាធរខណ្ឌច្បារអំពៅ ត្រូវបង្ក្រាបបទល្មើសONLINE SCAMSនិងល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋានខ្លួន។ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានបញ្ជាបែបនេះខណៈឯកឧត្ដមជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្សសង្កាត់ច្បារអំពៅទី១ ច្បារអំពៅទី២ និរោធ និងព្រែកប្រា ខណ្ឌច្បារអំពៅ ក្រោយបញ្ចប់ម៉ោងរដ្ឋបាល នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា អភិបាលខណ្ឌ អធិការ មេបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌច្បារអំពៅ និងចៅសង្កាត់ មេភូមិ សូមរួមគ្នាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដើម្បីឱ្យភូមិ សង្កាត់យើងមានសុវត្ថិភាព ដើម្បីឱ្យបទល្មើសទាំងនេះអស់ពីក្នុងមូលដ្ឋាន ដាច់ខាតត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ ។ ប្រទេសកម្ពុជាត្រូវការសេដ្ឋកិច្ចពណ៌ ស មិនចង់ បានសេដ្ឋកិច្ចពណ៌ខ្មៅ ឬប្រផេះឡើយ។

ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាដល់អាជ្ញាធរខណ្ឌ សង្កាត់ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ផ្ដល់សេវាសាធារ ណៈជូនប្រជាពលរដ្ឋឱ្យបានល្អលឿន មានតម្លាភាព តាមរយៈច្រកចេញចូលតែមួយខណ្ឌ និងសង្កាត់ ហើយចៀសវាងយកសេវាក្រៅនាំឱ្យខុសច្បាប់ហើយមានទោសទណ្ទដល់ខ្លួន។ ចៅសង្កាត់ជាសមាជិកបក្ស គឺអ្នកបម្រើប្រជាពលរដ្ឋ។ គណបក្សប្រជាជនកម្ពុជាបង្កើតបានស្នាដៃជាច្រើនសំរាប់សង្គមជាតិ ពិសេសក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជាមានភាពសំបូរសប្បាយ។ គណបក្សប្រជាជនកម្ពុជាបានសង្គ្រោះជីវិត និងផ្តល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋកម្ពុជា បានបង្រួបបង្រួមជាតិ សង្គ្រោះជីវិតប្រជាពលរដ្ឋចេញពីជម្ងឺរាតត្បាតកូវីដ-១៩ កសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចម្រើន និងមានចក្ខុវិស័យធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ គណបក្សប្រជាជនកម្ពុជាត្រូវកាន់អំណាចជារៀងរហូត ព្រោះថាគ្មានបក្សណាមួយ មានសមត្ថភាពការពារសន្តិភាព អភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើន ជឿនលឿនដូចគណបក្សប្រជាជនកម្ពុជានោះទេ៕

ដោយ សួស សំរិត





