សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សកម្មភាពប្អូនប្រុស វណ្ណដេ និងគ្រូស្ម័គ្រចិត្តនៅសាលាដូងផ្តល់ផលប្រយោជន៍វិជ្ជមានពិតៗដល់សង្គមនិងប្រជាជន
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លៀតពេលជួបជាមួយប្អូនប្រុស អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ។ សម្ដេចបានចាប់អារម្មណ៍ពីសកម្មភាពរបស់ប្អូនប្រុសជាយូរមកហើយតាមរយៈបណ្ដាញសង្គមពាក់ព័ន្ធនឹងសាលាដូង ក៏ដូចជាបណ្ណាល័យចល័តរបស់ប្អូន ក្នុងគោលដៅជំរុញការអានសៀវភៅនៅតាមបណ្ដាខេត្តមួយចំនួននាពេលកន្លងមក។

តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី១៩ សីហានេះ សម្ដេចបានសរសេរថា ក្រោយពីបានស្ដាប់នូវប្រវត្តិនៃការរៀបចំសាលាដូង សម្ដេចសូមធ្វើការកោតសរសើរដោយស្មោះចំពោះទឹកចិត្ត ឆន្ទៈមោះមុត និងសកម្មភាពជាក់ស្ដែងរបស់ប្អូនប្រុស ក្នុងការបង្កើតសមិទ្ធផលដ៏មានប្រយោជន៍មួយនេះ ទោះជាប្អូនមិនមានធនធានផ្ទាល់ខ្លួនច្រើនក៏ដោយ។
សម្ដេចបានគូសបញ្ជាក់ថា «ផ្ដើមចេញពីការខ្ចីដីក្នុងដែនឧទ្យានជាតិគីរីរម្យដើម្បីបង្កើតសាលាដូង, ការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជននានា រួមទាំងការព្យាយាមសុំប្រជាពលរដ្ឋក្នុងភូមិ អនុញាតឱ្យកូនៗពួកគាត់បានមកទទួលការបណ្តុះបណ្ដាលបំណិននៅសាលាដូង ប្អូនប្រុស វណ្ណដេ ក៏ដូចជាលោកគ្រូស្ម័គ្រចិត្តនៅសាលានេះ បានជួយលើកកម្ពស់ចំណេះដឹងនិងបំណិនដល់ក្មួយៗជាង១៥០នាក់នៅក្នុងភូមិ។ នេះគឺជាសកម្មភាពដែលផ្តល់ផលប្រយោជន៍វិជ្ជមានពិតៗដល់សង្គមនិងប្រជាជន»។
ពាក់ព័ន្ធនឹងការជូនដំណឹងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ឱ្យរុះរើទីតាំងមួយចំនួនរួមមានផ្ទះគ្រូរបស់សាលាដូង ដែលជាន់លើដីដែលជាតំបន់ប្រវត្តិសាស្ត្រយោធានោះ សម្ដេចបាន ÷
១. ចេញបទបញ្ជាឱ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាពដដែល និងឱ្យសាលាដូងបន្តដំណើរការទៅមុខនិងគ្រូអាចស្នាក់នៅផ្ទះជាធម្មតាដើម្បីបង្រៀនសិស្ស។
២. ប្រគល់ភារកិច្ចជូនឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចាត់តាំងមន្ត្រីជំនាញចុះពិនិត្យនិងផ្ទៀងផ្ទាត់ជាបន្ទាន់នៅលើទីតាំងជាក់ស្តែង ដើម្បីរៀបចំនូវដំណោះស្រាយមួយ ឱ្យបានសមស្របនិងមានចីរភាព ដែលអាចធានាថាសាលាដូងអាចនៅបន្តដំណើរការបណ្ដុះបណ្ដាលរបស់ខ្លួនដល់ក្មួយៗនៅទីនោះ។
បន្ថែមលើនេះ ក៏ត្រូវពិនិត្យផងដែរនូវស្ថានភាពជាក់ស្តែងរបស់សាលាបឋមសិក្សាគីរីរម្យ ដែលត្រូវដើរតួនាទីបំពេញគ្នាជាមួយសាលាដូង ក្នុងការបណ្តុះបណ្តាលដល់ក្មួយៗដែលរស់នៅលើភ្នំនោះ។
៣. ដើម្បីជួយសម្រាលបន្ទុកដល់សាលា សម្ដេចនិងភរិយា បានសម្រេចផ្ដល់ការឧបត្ថមជាថវិកាចំនួន ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែជូនដល់សាលាដូង ដោយគិតចាប់ពីខែកញ្ញាឆ្នាំ ២០២៦ នេះតទៅ៕
ដោយ៖ គង់ សិរីរ័ត្ន





