ស្រះស្រង់៖ អាងទឹកពិសិដ្ឋសម័យអង្គរ និងជាទីស្ថានមនោរម្យចំពោះអ្នកចូលចិត្តភាពស្ងប់ស្ងាត់
AKP សៀមរាប ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦--ប្រសិនបើលោកអ្នកបានទៅកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ ហើយចង់ស្វែ ងរកទីតាំងដែលមានបរិយាកាសស្ងប់ ស្ងាត់ និងមានពន្លឺថ្ងៃរះដ៏ស្រស់ត្រកាលបំផុតនោះ គឺ«ស្រះស្រង់» ដែលជា គោលដៅមិនគួររំលងបាន។

ស្រះស្រង់ មិនត្រឹមតែជាអាងទឹកធម្មតាប៉ុណ្ណោះទេ ប៉ុន្តែគឺជាទីស្ថានប្រវត្តិសាស្ត្រដ៏រុងរឿងដែលបានបន្សល់ទុកតាំងពីសម័យអង្គរ។

ស្រះស្រង់ត្រូវបានកសាងឡើងដំបូងនៅសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវម៌ទី២ ក្រោមការដឹកនាំរបស់ស្ថាបត្យករឆ្នើមនាម «កវីន្ទ្រារិមថន»។ លុះមកដល់ចុងសតវត្សទី១២ ក្នុងរជ្ជ កាលព្រះបាទជ័យវម៌ទី៧ ស្រះទឹកនេះត្រូវបានកែលម្អឱ្យកាន់តែប្រណីត ដោយបន្ថែមពន្លាផែថ្មភក់នៅច្រាំងខាងលិច ស្ថិតនៅលើខ្សែបណ្តោយថ្ងៃនៃខ្លោងទ្វារខាងកើតប្រាសាទបន្ទាយក្តី ដោយមានបំពាក់ចម្លាក់នាគ និងតោឈរយ៉ាងអង់អាចដូចដែលយើងបាន ឃើញរហូតមកដល់សព្វថ្ងៃ។

ស្រះទឹកដ៏មហិមានេះមានរាងចតុកោ ណកែង បណ្តោយជាង ៧០០ម៉ែត្រ និងទទឹងជាង ៣០០ម៉ែត្រ ដែលជាស្រះពិសិដ្ឋ ឬ «តិថ៌» (ទឹកពិសិដ្ឋមានប្រភពនៅឋានសួគ៌)។ សំណង់ទឹកនេះមិនមែនជាអាងសម្រាប់កម្សាន្តធម្មតានោះទេ ប៉ុន្តែជាទីតាំងពិសិដ្ឋទាក់ទងនឹងកិច្ចពិធីនៃព្រះពុទ្ធសាសនាមហាយាន។
អ្វីដែលកាន់តែពិសេស និងជាចំណុចអាថ៌កំបាំងបំផុតនៃស្រះស្រង់ គឺសំណង់ប្រាសាទតូចមួយនៅចំកណ្តាលស្រះ។ ប្រាសាទថ្មភក់នេះសាងសង់ឡើងលើខឿនថ្មបាយក្រៀម លើកូនកោះសិប្បនិម្មិតនៅចំផ្ចិតស្រះ។ ជាទូទៅ ប្រាសាទនេះតែងតែលិចនៅក្រោមផ្ទៃទឹកដែលធ្វើឱ្យមនុស្សភាគច្រើនមិនបានចាប់អារម្មណ៍ ប៉ុន្តែវានឹងលេចរូបរាងឡើងនៅពេលដែលកម្រិតទឹកក្នុងស្រះស្រកចុះខ្លាំង ជាពិសេសនៅក្នុងរដូវប្រាំង។

កាលពីឆ្នាំ២០២០ ក្រុមការងារបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានធ្វើកំណាយស្រាវជ្រាវក្នុងកំឡុងពេលជួសជុលពន្លាផែថ្ម។ ក្រុមអ្នកជំនាញបានរកឃើញ «រូបចម្លាក់អណ្តើកថ្មភក់ដ៏ធំ» ក្បាលនាគ រួមជាមួយវត្ថុសក្ការៈជាច្រើននៅជុំវិញប្រាសាទកណ្តាលស្រះនេះ។ ការរកឃើញនេះបានបញ្ជាក់បន្ថែមថា ស្រះស្រង់គឺជាទីតាំងដ៏ពិសិដ្ឋបំផុតក្នុងជំនឿសាសនានាសម័យនោះ។
ចំណុចទាក់ទាញបំផុតដែលធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិជក់ចិត្តដិតអារម្មណ៍ខ្លាំង គឺការមកទស្សនា «ថ្ងៃរះ» នៅស្រះស្រង់។ នៅពេលព្រឹកព្រលឹម ពន្លឺព្រះអាទិត្យពណ៌មាសចាំងជះទៅលើផ្ទៃទឹកដែលស្ងប់ស្ងាត់ដូចកញ្ចក់ បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏មនោរម្យ។ ខុសពីប្រាសាទអង្គរវត្តដែលមានភាពអ៊ូអរ ស្រះស្រង់ផ្តល់នូវភាពស្ងប់ស្ងាត់ ត្រជាក់ត្រជុំ និងខ្យល់អាកាសបរិសុទ្ធ ដែលស័ក្តិសមបំផុតសម្រាប់អ្នកចង់សម្រាកកាយនិងចិត្ត។

ស្រះស្រង់ តំណាងឱ្យស្នាដៃវិស្វកម្មធារាសាស្រ្ត និងសិល្បៈស្ថាបត្យកម្មដ៏វិសេ សវិសាល។ បើលោកអ្នកមានឱកាសទៅដល់សៀមរាប កុំភ្លេចទៅទទួលយកថាមពលនៃពន្លឺព្រះអាទិត្យដំបូងនៅមាត់ស្រះស្រង់ ដែលនឹងធ្វើឱ្យដំណើរកម្សាន្តរបស់អ្នកកាន់តែស្រស់ស្រាយ និងទទួលយកអនុស្សាវរីយ៍មួយដែលទំនងមិនអាចបំភ្លេចបាន៕
ដោយ ឃុត សៅ ,ប្រភពអាជ្ញាធរជាតិអប្សរា





