សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការជួបជាមួយអាចារ្យ អាចារិនីជារៀងរាល់ឆ្នាំឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះតម្លៃ និងតួនាទីរបស់អាចារ្យ អាចារិនីនៅក្នុងសង្គមខ្មែរ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ការរៀបចំឲ្យមានពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសជារៀងរាល់ឆ្នាំ បាន និងកំពុងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃ និងតួនាទីរបស់អាចារ្យ អាចារិនីនៅក្នុងសង្គមខ្មែរ ស្របតាមទិសស្លោក «អាចារ្យល្អ វប្បធម៌រីកចម្រើន សហគមន៍រុងរឿង»។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី លើកទី១១ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

សម្តេចធិបតីបានបន្តថា សម្តេចពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងពិធីសំណេះ សំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសនាពេលនេះ ដែលជាការជួបជុំដើម្បីអបអរសាទរនូវសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៥ ព្រមទាំងដើម្បីវាយតម្លៃសមិទ្ធកម្ម ស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីបញ្ហាប្រឈម និងដាក់ចេញនូវទិសដៅកែលម្អ កំណត់វិធានការដោះស្រាយ និងផែនការអភិវឌ្ឍវិស័យពុទ្ធសាសនានៅកម្ពុជាឲ្យក្លាយទៅជាកម្លាំងសីលធម៌សង្គមខ្មែរដ៏ពិតប្រាកដ និងជាសសរស្តម្ភនៃសុខដុមជំនឿសាសនានៅកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា អាចារ្យ អាចារិនី គឺជាអ្នកថែរក្សាប្រពៃណី និងទំនៀមទម្លាប់ ពង្រឹងសាមគ្គីភាពនៅមូលដ្ឋាន អប់រំកុមារ យុវជន សាបព្រោះបណ្ដុះគុណធម៌ សីលធម៌ និងសុជីវធម៌ និងជាតំណភ្ជាប់រវាងព្រះពុទ្ធសាសនា គ្រួសារ សហគមន៍ និងសង្គមរបស់ជាតិខ្មែរ។ ក្នុងន័យនេះសម្តេចធិបតី នាយករដ្ឋមន្ត្រី សូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះអាចារ្យ អាចារិនី ទាំងអស់នៅទូទាំងប្រទេស ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ព្រមទាំងប្រឹងប្រែងថែរក្សាប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែរ។ ទន្ទឹមនេះ ក៏សូមវាយតម្លៃខ្ពស់ចំពោះក្រសួងធម្មការ និងសាសនា ដែលបានខិតខំបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីបុរេសកម្ម អន្តរកម្ម និងការទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំ សម្របសម្រួល និងជំរុញការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា និងថែរក្សាសុខដុមជំនឿសាសនានៅកម្ពុជា ជាពិសេសការដាក់ចេញនូវប្រធានបទ «តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល» ដើម្បីជំរុញការប្រើប្រាស់បណ្ដាញសង្គមសម្រាប់ការរៀន ការបង្រៀន និងការផ្សព្វផ្សាយធម៌។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកឱកាសនេះ លើកទឹកចិត្តដល់អាចារ្យ អាចារិនីទូទាំងប្រទេស សូមបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបន្តចូលរួមថែរក្សា ការពារ និងផ្សព្វផ្សាយព្រះពុទ្ធសាសនា ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីចូលរួមចំណែក
កសាងសង្គមកម្ពុជាប្រកបដោយសាមគ្គីភាព សុខដុមរមនា និងវិបុលភាព ខណៈដែលសម្តេចបានចាត់ទុកអាចារ្យ គឺជាអ្នកដឹកនាំផ្លូវចិត្ត ជាអ្នកបង្ហាត់បង្រៀន ជាសសរទ្រូងក្នុងការភ្ជាប់រវាងវត្តអារាម និងព្រះពុទ្ធសាសនា៕
ដោយ៖ ចាន់ សុភឿន





