កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំទទួលបន្ទុកផែនការយុទ្ធសាស្រ្តសុខាភិបាល
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំទទួលបន្ទុកផែនការយុទ្ធសាស្រ្តសុខាភិបាល កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានជំរុញពិនិត្យ និងតាមដានវឌ្ឍនភាពនៃសូចនាករសុខាភិបាលសំខាន់ៗ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តសុខាភិបាល តាមសូចនាករកំណត់ ដើម្បីឈានឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ២០២៤-២០៣៥។ បន្ថែមពីនេះ បានពិនិត្យវឌ្ឍនភាពការអនុវត្តវិធានការអាទិភាពវិស័យសុខាភិបាល៖ ១) ការពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ២) ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និង ៣) ការកសាងសមត្ថភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពសុខាភិបាល និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងគោលដៅរួមគ្នា ដើម្បីពង្រឹងគុណភាពការបម្រើសេវាសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ នៅកម្រិតមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





