រដ្ឋមន្រ្តីសុខាភិបាល៖ «នៅក្នុងស្ថានភាពលំបាក ឬមិនប្រាកដប្រជា មេដឹកនាំត្រូវបម្លែងខ្លួនឱ្យក្លាយទៅជាស្ពាន សម្រាប់គាំទ្រក្រុមការងារ ឱ្យជំនះបាននូវឧបសគ្គទាំងនោះ»
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា «នៅក្នុងស្ថានភាពលំបាក ឬមិនប្រាកដប្រជា មេដឹកនាំត្រូវបម្លែងខ្លួនឱ្យក្លាយទៅជាស្ពាន សម្រាប់គាំទ្រក្រុមការងារ ឱ្យជំនះបាននូវឧបសគ្គទាំងនោះ» ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៨ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបចំនួន ២៨០៣នាក់ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានរាយការណ៍ជូនពីលទ្ធផលនៃការចូលរួមរបស់ក្រសួងសុខាភិបាល នៅក្នុងកិច្ចប្រជុំសមាជិកសភាតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៩ និងកោតសរសើរដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ដែលបានរួមគ្នាពង្រឹងវិស័យសុខាភិបាលនាពេលកន្លងមក រហូតទទួលបាននូវការកោតសរសើរពីថ្នាក់ដឹកនាំអង្គការសុខភាពពិភពលោកថ្នាក់តំបន់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីពន្យល់បន្ថែមពីការគ្រប់គ្រង និងដឹកនាំការងារនៅក្នុងស្ថានភាពដែលមិនប្រាកដប្រជា ទាំងក្នុងការងារថែទាំព្យាបាល ការងារសុខភាពសាធារណៈ និងការងារដឹកនាំនៅក្នុងវិស័យសុខាភិបាល និងបានជំរុញឱ្យអ្នកដឹកនាំនៅក្នុងវិស័យសុខាភិបាលបង្កើននូវភាពប្រាកដប្រជានៅក្នុងខ្លួន តាមរយៈការសិក្សាស្វែងយល់ពីបញ្ហាដែលអាចនឹងកើតមាន ដើម្បីកាត់បន្ថយជាអតិបរមា នូវផលប៉ះពាល់ជាអវិជ្ជមានដែលបណ្តាលមកពីភាពមិនប្រាកដប្រជា។

ជាមួយគ្នានេះ មណ្ឌលសុខភាពអង្គភ្នំតូចដែលស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអង្គរជ័យ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត ក៏បានចែករំលែកនូវវឌ្ឍនភាពរបស់មណ្ឌលសុខភាព ក្នុងការបម្រើសេវាសុខាភិបាល និងបានក្លាយជាមណ្ឌលសុខភាពគំរូនៅឆ្នាំ២០២៥ និងបានរំលេចនូវការតាំងចិត្តរបស់ខ្លួនក្នុងការផ្តល់សេវា ២៤ម៉ោងក្នុង១ថ្ងៃ និង៧ថ្ងៃក្នុង១សប្តាហ៍ ព្រមទាំងការរក្សាសាមគ្គីភាពផ្ទែក្នុង និងកិច្ចសហការចូលរួមរបស់សហគមន៍៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





