ក្រសួងធនធានទឹកបើកកិច្ចប្រជុំបច្ចេកទេសដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រង តាមដាន ប្រតិបត្តិការ និងសុវត្ថិភាពទំនប់អាងទឹកទូទាំងប្រទេស
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការទទួលបន្ទុកសម្របសម្រួលការងារប្រតិបត្តិការទំនប់អាងទឹកនៃក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃអង្គារទី១៨ ខែសីហា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេស ស្តីពី «ការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារគ្រប់គ្រង តាមដាន ប្រតិបត្តិការ និងសុវត្ថិភាពទំនប់អាងទឹក (Dam Safety) ក្នុងក្របខ័ណ្ឌទូទាំងប្រទេស»។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅជាប្រព័ន្ធផ្ទាល់ និងតាមប្រព័ន្ធវីដេអូ (Hybrid) ដោយមានការអញ្ជើញចូលរួមពី អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស តំណាងនាយកដ្ឋានជំនាញពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមទាំង ២៥ រាជធានី-ខេត្ត។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងបង្កើនការយល់ដឹងដល់មន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លើការងារគ្រប់គ្រង តាមដាន ប្រតិបត្តិការ និងសុវត្ថិភាពទំនប់អាងទឹក (Dam Safety) ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងប្រភពទឹក កាត់បន្ថយហានិភ័យពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ជាពិសេសត្រៀមលក្ខណៈឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះបាតុភូត El Niño។


ឯកឧត្តមអនុរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងមន្ទីរជំនាញរាជធានី-ខេត្ត នាពេលកន្លងមក ព្រមទាំងបានណែនាំឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការងារតាមដាន និងគ្រប់គ្រងសុវត្ថិភាពទំនប់អាងទឹកក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព៕
ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





