ឯកអគ្គរាជទូតកម្ពុជា និងថ្នាក់ដឹកនាំរដ្ឋអូស្រ្តាលីខាងត្បូង ជួបពិភាក្សាគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរដ្ឋអូស្ត្រាលីខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ -- ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងថ្នាក់ដឹកនាំរដ្ឋអូស្រ្តាលីខាងត្បូង បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អប្រសើរ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងអូស្រ្តាលី ព្រមទាំងបានពិភាក្សាគ្នាអំពីការរិះរកមធ្យោបាយក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរដ្ឋអូស្ត្រាលីខាងត្បូង ជាពិសេសលើវិស័យដែលមានសក្តានុពល រួមមាន អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ទេសចរណ៍ កសិកម្ម និងថាមពលកកើតឡើងវិញ។ ការលើកឡើងអំពីកិច្ចសហប្រតិបត្តិការបែបនេះ ក្នុងឱកាសដែលឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី បានអញ្ជើញបំពេញទស្សនកិច្ចការងារនៅទីក្រុងអាដឺឡែត រដ្ឋអូស្ត្រាលីខាងត្បូង កាលពីថ្ងៃទី១៤ ដល់ ១៥ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសទស្សនកិច្ចនេះ ឯកឧត្តមឯកអគ្គរាជទូតបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Frances Adamson AC អភិបាលរដ្ឋអូស្ត្រាលីខាងត្បូង និងជួបជាមួយរដ្ឋមន្រ្តី មួយចំនួននៃរដ្ឋអូស្រ្តាលីខាងត្បូង រួមមានលោកជំទាវ Clare Scriven រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឧស្សាហកម្មចម្បង និងអភិវឌ្ឍតំបន់ លោកជំទាវ Emily Bourke រដ្ឋមន្ត្រីបរិស្ថាន ធនធានទឹក និងកិច្ចការទេសចរណ៍ និងលោកជំទាវ Lucy Hood រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអប់រំ ជំនាញ និងបណ្តុះបណ្តាល។

ជាមួយគ្នានេះ ក្រៅពីមានជំនួបជាមួយថ្នាក់ដឹកនាំរបស់រដ្ឋអូស្រ្តាលីខាងត្បូង ឯកឧត្តមឯកអគ្គរាជទូតក៏បានចូលរួមកិច្ចពិភាក្សាចំនួន ២ ដែលរៀបចំដោយ StudyAdelaide ដោយកិច្ចពិភាក្សាទី១ ផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការថ្នាក់ឧត្តមសិក្សារវាងកម្ពុជា និងរដ្ឋអូស្ត្រាលីខាងត្បូង និងកិច្ចពិភាក្សាទី២ ផ្ដោតលើកម្មវិធីអប់រំកម្រិតវិទ្យាល័យរបស់រដ្ឋអូស្ដ្រាលីខាងត្បូង (South Australian Certificate of Education) និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។
ក្នុងឱកាសស្នាក់នៅទីក្រុងអាដឺឡែក ឯកឧត្តមឯកអគ្គរាជទូតក៏បានឆ្លៀតឱកាសចូលរួមកម្មវិធីវប្បធម៌ ដែលរៀបចំដោយសមាគមខ្មែរប្រចាំរដ្ឋអូស្ត្រាលីខាងត្បូង ដោយបានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅរដ្ឋអូស្ត្រាលីខាងត្បូង ប្រកបដោយភាពស្និទ្ធស្នាល ព្រមទាំងចូលរួមទស្សនាការសម្តែងសិល្បៈខ្មែរ ដែលជាការលើកស្ទួយអត្តសញ្ញាណជាតិទៅកាន់បរទេស ផងដែរ៕
ដោយ៖ រិទ្ធី, ប្រភព៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី





