មូលនិធិ SDF ឈ្នះពានរង្វាន់អន្តរជាតិចំនួន៣ ពីស្ថាប័ន Brandon Hall Group របស់សហរដ្ឋអាមេរិក ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃ១៧ ខែសីហា ឆ្នាំ២០២៦ -- មូលនិធិអភវឌ្ឍន៍ជំនាញ (មូលនិធិ SDF) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ត្ថុ មានកិត្តិយស និងមោទកភាពយ៉ាងក្រៃលែង ដែលទទួលបានពានរង្វាន់អន្តរជាតិចំនួន៣ ក្នុងកម្មវិធី 2026 Brandon Hall Group HCM Excellence Awards បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ចត់បំផុត។ នេះបើយោងតាមការឱ្យដឹងពីមូលនិធិ SDF នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នេះ។
ពានរង្វាន់ទាំងបីរួមមាន ពានរង្វាន់មាស សម្រាប់សមិទ្ធផលឆ្នើមនៃកម្មវិធីសិក្សា (Best Results of a Learning Program) ពានរង្វាន់ប្រាក់ សម្រាប់កម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត (Best Program for Upskilling Employees) និងពានរង្វាន់សំរឹទ្ធ សម្រាប់ការរៀបចំផែនការ និងការគ្រប់គ្រងកម្លាំងពលកម្ម (Best Workforce Planning and Management)។
សមិទ្ធផលកម្រិតអន្តរជាតិនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកយ៉ាងសកម្មរួមគ្នារវាងមូលនិធិ SDF និងដៃគូពាក់ព័ន្ធទាំងអស់ រួមមាន សមាគម រោងចក្រ សហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាល និងដៃគូអភិវឌ្ឍន៍នានា ក្នុងការអភិវឌ្ឍជំនាញកម្លាំងពលកម្មកម្ពុជាឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារជាក់ស្តែង និងរួមចំណែកដល់ការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
គួរជ្រាបថា ពានរង្វាន់ HCM Excellence Awards រៀបចំឡើងដោយ Brandon Hall Group ដែលជាស្ថាប័នស្រាវជ្រាវ និងប្រឹក្សាយោបល់ធនធានមនុស្សលំដាប់អន្តរជាតិរបស់សហរដ្ឋអាមេរិក មានបទពិសោធជាង ៣០ឆ្នាំ និងទទួលបានទំនុកចិត្តពីស្ថាប័នជាង១០.០០០ នៅជុំវិញពិភពលោក។ ដើម្បីទទួលបានពានរង្វាន់កម្រិតអន្តរជាតិនេះ ស្ថាប័ននីមួយៗត្រូវឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ចត់បំផុត ដោយផ្អែកលើផលជះជាក់ស្តែងដែលអាចវាស់វែងបាន នវានុវត្តន៍ និងសមត្ថភាពនៃការអនុវត្តជាក់ស្តែង។
ថ្នាក់ដឹកនាំមូលនិធិ SDF នឹងអញ្ជើញទៅទទួលពានរង្វាន់កិត្តិយសនេះដោយផ្ទាល់នៅសហរដ្ឋអាមេរិក នាខែមករា ឆ្នាំ២០២៧ ខាងមុខនេះ៕

ដោយ៖ ណយ នឿន (ប្រភព៖ មូលនិធិ SDF)





