ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េ ចូលរួមវេទិកាធម្មទានអប់រំចិត្ត បុណ្យផ្កាប្រាក់សាមគ្គី និងខួប ៥ឆ្នាំ នៃការបង្កេីតសមាគមមូលនិធិព្រះពុទ្ធសាសនាកម្ពុជា-គូមី
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦---
ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី បានអញ្ជើញចូលរួម វេទិកាធម្មទានអប់រំចិត្ត បុណ្យផ្កាប្រាក់សាមគ្គី និងពិធីអបអរសាទរខួបគម្រប់ ៥ឆ្នាំ នៃការបង្កេីតសមាគមមូលនិធិព្រះពុទ្ធសាសនាកម្ពុជា-គូមី ដែលប្រារព្ធនៅវត្តខ្មែរគូមី តំបន់គូមី ខេត្ត Gyeongsangbuk-do សាធារណរដ្ឋកូរ៉េ។

ក្នុងពិធីកាលពីរសៀលថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឯកអគ្គរាជទូត បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះតេជគុណ ពៅ សុភ័ក្រ ដែលបានផ្តួចផ្តើម និងរៀបចំកម្មវិធីធម្មទាននេះឡើង ព្រមទាំងព្រះតេជគុណ រិន សារ៉ូ ព្រះតេជគុណ សុំ សុខា និងព្រះតេជគុណ ហាក់ សៀងហៃ ដែលបានផ្តល់ពុទ្ធឱវាទ និងសម្តែងព្រះធម្មទេសនា ជូនដល់សហគមន៍ខ្មែរ និងពុទ្ធបរិស័ទខ្មែរនៅសាធារណរដ្ឋកូរ៉េ ដើម្បីរួមចំណែកអប់រំផ្លូវចិត្ត លើកកម្ពស់សីលធម៌ និងផ្សព្វផ្សាយព្រះធម៌ ឱ្យកាន់តែទូលំទូលាយដល់សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ។

បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានគូសបញ្ជាក់ថា វេទិកាធម្មទានអប់រំចិត្ត គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់លើកកម្ពស់ការយល់ដឹងអំពីតម្លៃនៃសន្តិភាពផ្លូវចិត្ត សីលធម៌ សាម គ្គីភាព និងការរួមរស់ប្រកបដោយការ គោរព និងយោគយល់គ្នា។ ការផ្តល់ពុទ្ធឱវាទ និងព្រះធម្មទេសនា ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការបណ្តុះស្មារតីល្អ ប្រកបដោយមេត្តា ករុណា និងការទទួល ខុសត្រូវចំពោះខ្លួនឯង គ្រួសារ សហគ មន៍ និងសង្គមជាតិ។

ជាមួយគ្នានេះ ពិធីអបអរសាទរខួបគម្រប់៥ឆ្នាំនៃសមាគមមូលនិធិព្រះពុទ្ធសាសនាកម្ពុជា-គូមី និងបុណ្យផ្កាប្រាក់សាមគ្គី ក៏ជាឱកាសដ៏មានអត្ថន័យសម្រាប់បង្ហាញពីស្មារតីសាមគ្គីភាព ការរួបរួម ការចែករំលែក និងការគាំទ្រគ្នាទៅវិញទៅមករបស់ប្រជាពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េ។
ស្មារតីសាមគ្គីភាព និងការរួមចំណែករបស់សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ គឺជាកម្លាំងដ៏សំខាន់ក្នុងការពង្រឹងភាពរឹងមាំរបស់សហគមន៍ ថែរក្សាវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិខ្មែរ ព្រមទាំងចូលរួមលើកកម្ពស់កិត្យានុភាព និងមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ៕
ដោយ៖ ប៊ុនរិទ្ធ





